នាយករដ្ឋមន្ត្រីកាតា កាលពីថ្ងៃអាទិត្យទី២កុម្ភៈ បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាជាបន្ទាន់សម្រាប់ដំណាក់កាលទី២ នៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយបន្ថែមថា បច្ចុប្បន្នពុំទាន់មានផែនការច្បាស់លាស់ថានៅពេលណាដែលកិច្ចពិភាក្សានឹងចាប់ផ្តើមនោះទេ។

លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគីក្នុងរដ្ឋធានីDoha កាលពីថ្ងៃអាទិត្យថា យើងទាមទារឱ្យ ក្រុមហាម៉ាស និងអ៊ីស្រាអែល ចូលរួមភ្លាមៗដូចមានចែងក្នុងកិច្ចព្រមព្រៀង។

យោងតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ការចរចាលើការអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងគួរតែចាប់ផ្តើមមុនថ្ងៃទី១៦ នៃបទឈប់បាញ់ដំណាក់កាលទី១ ដែលត្រូវនឹងថ្ងៃចន្ទ។

អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុនបានឈានដល់កិច្ចព្រមព្រៀងស្មុគស្មាញបីដំណាក់កាល ដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង១៨នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
មានចំណាប់ខ្មាំងជាង ៧០ នាក់ នៅតែត្រូវបានឃុំខ្លួនក្នុងដែនដីហ្កាហ្សានៅឡើយ។
ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថានឹងរួមបញ្ចូលក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ដែលជាការបញ្ចប់អចិន្ត្រៃយ៍ចំពោះអរិភាព និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ឡោមព័ទ្ធនេះ៕