ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃចន្ទ (០៣ កុម្ភៈ) នេះ បានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សម្រាប់ការហៅទីក្រុងព្យុងយ៉ាងថាជា "រដ្ឋមិនស្មោះត្រង់" ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថាការអត្ថាធិប្បាយរបស់លោកមិនជួយដល់ផលប្រយោជន៍របស់អាមេរិកទេ ខណៈប្ដេជ្ញាប្ដេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងការបង្កហេតុទាំងនោះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថា នេះគឺជាការរិះគន់លើកដំបូងហើយរបស់កូរ៉េខាងជើង ចំពោះរដ្ឋបាលលោក Donald Trump ចាប់តាំងពីលោកប្រធានាធិបតី Trump បានចូលសេតវិមានឡើងវិញកាលពីថ្ងៃទី២០ ខែមករា មក។

KCNA រាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងជើងក៏បានថ្កោលទោសផែនការខែលការពារមីស៊ីលថ្មីរបស់អាមេរិកផងដែរ ដោយនិយាយថាវាចាំបាច់សម្រាប់ទីក្រុងព្យុងយ៉ាង ក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន។
គួរបញ្ជាក់ថា លោក Trump កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើក្រឹត្យមួយដែល "បានកំណត់នូវដំណើរការបង្កើត 'ប្រព័ន្ធមីស៊ីល Iron Dome' ដែលជាខែលការពារមីស៊ីលរបស់អាមេរិកជំនាន់ក្រោយ ប្រឆាំងនឹងមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង មីស៊ីលតម្រង់គោលដៅ និងទម្រង់ផ្សេងទៀតនៃការវាយប្រហារពីលើអាកាស៕