អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណ និងស្រង់សាកសព ខណៈក្រុមមន្ត្រីបានកំណត់អត្តសញ្ញាណជាវិជ្ជមានលើមនុស្ស ៥៥នាក់ក្នុងចំណោម ៦៧នាក់ ដែលបានស្លាប់នៅក្នុងការបុកគ្នាកណ្តាលអាកាសកាលពីថ្ងៃពុធសប្ដាហ៍មុន រវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងឧទ្ធម្ភាគចក្រយោធានៅលើទន្លេ Potomac ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក John Donnelly ប្រធានផ្នែកពន្លត់អគ្គិភ័យបាននិយាយកាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ក្នុងសន្និសីទសារព័ត៌មានថា "យើងជឿថានឹងស្រង់សាកសពឱ្យអស់ ហើយនៅមានការងារមួយចំនួនដែលត្រូវធ្វើ ខណៈប្រតិបត្តិការស្រង់បំណែកកំពុងបន្ត"។

កាលពីព្រឹកថ្ងៃអាទិត្យ សាច់ញាតិរបស់អ្នកស្លាប់ទាំង ៦៧នាក់នោះ បានទៅដល់មាត់ទន្លេក្បែរកន្លែងកើតហេតុ ដើម្បីតាមដានស្ថានការណ៍សព។ នៅថ្ងៃចន្ទនេះ កងវិស្វករកងទ័ពអាមេរិក នឹងចាប់ផ្តើមលើកបំណែកយន្តហោះចេញពីទន្លេ ដែលក្រុមមន្ត្រីនិយាយថា អាចចំណាយពេលមួយសប្តាហ៍ ឬយូរជាងនេះ។

បំណែកបាក់បែកមួយចំនួនកំពុងត្រូវបានគេផ្លាស់ទីទៅកាន់ឃ្លាំងនៅអាកាសយានដ្ឋានជាតិ Reagan នៃទីក្រុងវ៉ាស៊ីនតោន ហើយភាគច្រើននៃទន្លេ Potomac នៅតែដាក់កម្រិតលើនាវាដែលមានការអនុញ្ញាត ខណៈផ្លូវរត់ពីរក្នុងចំណោមផ្លូវរត់ដែលមិនសូវប្រើប្រាស់នៅព្រលានយន្តហោះនៅតែបិទដំណើរការ៕