អ្នកស្រុកជាច្រើនក្នុងរដ្ឋធានីប៉ាណាម៉ា បានដើរដង្ហែតវ៉ាតាមផ្លូវកាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ដើម្បីប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក លោក Marco Rubio ស្របពេលមានការគំរាមកំហែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដណ្តើមគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ។
អាមេរិក និងប៉ាណាម៉ា បានបង្កើតវឌ្ឍនភាពលើបញ្ហាអន្តោប្រវេសន៍ និងអាជីវកម្មសំខាន់ៗក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Rubio នៅទីក្រុងប៉ាណាម៉ា ប៉ុន្តែបានបរាជ័យក្នុងការស្វែងរកចំណុចរួមលើប្រតិបត្តិការព្រែកជីកប៉ាណាម៉ា ដោយលោកប្រធានាធិបតី Jose Mulino និយាយថា អធិបតេយ្យភាពរបស់ប្រទេសលោកលើផ្លូវទឹកដ៏មមាញឹកបំផុតទីពីររបស់ពិភពលោកនេះ គឺមិនអាចពិភាក្សាបានទេ។

មេដឹកនាំសហជីព និងជាបាតុករក្នុងអំឡុងការតវ៉ានោះ ឈ្មោះ Saul Mendez បាននិយាយថា "លោក Trump កំពុងចង់បានសង្រ្គាមលោកលើកទី៣ ជុំវិញការគំរាមនោះ" ខណៈបាតុករផ្សេងទៀតលើកឡើងថា "ប្រជាជនប៉ាណាម៉ា មិនទុកចិត្តលោក Trump ទេ ហើយនឹងត្រៀមខ្លួនប្រយុទ្ធការពារមាតុភូមិ"។

លោក Trump បានបដិសេធមិនច្រានចោលការប្រើប្រាស់កម្លាំងយោធាលើប្រទេសប៉ាណាម៉ា ដោយទាក់ទាញការរិះគន់យ៉ាងខ្លាំងក្លាពីសម្ព័ន្ធមិត្តអាមេរិកឡាទីន និងគូប្រជែងរបស់វ៉ាស៊ីនតោន៕