មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te (ឡៃ ឆីង ទ័រ) នៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ បាននិយាយថា កោះតៃវ៉ាន់ និងប្រទេសចិន ត្រូវការជួបពិភាក្សាគ្នាទៅវិញទៅមក ដើម្បីសម្រេចបានសន្តិភាព ដោយសារ «ការប្រែប្រួលជាច្រើន» នៅក្នុងស្ថានភាពសកលលោក ដោយលោកអំពាវនាវឲ្យមានការសន្ទនាគ្នា ជាជាងមានការប្រឈមមុខដាក់គ្នា។
លោក Lai ដែលចិនមិនពេញចិត្ត ដោយចាត់ទុកថា ជា «អ្នកបំបែកខ្លួន» នោះ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការចរចាជាមួយទីក្រុងប៉េកាំងដែលបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ លើកោះគ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលខ្លួនអះអាងថា ជាដែនដីរបស់ចិន។
ប៉ុន្តែនៅចំពោះមុខពេលនេះ ទាំងប្រទេសចិន និងកោះតៃវ៉ាន់ ប្រឈមនឹងសម្ពាធពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដំឡើងពន្ធលើប្រទេសចិន និងបានគំរាមកំហែងពីការមានវិធានការស្រដៀងគ្នានេះ ចំពោះការនាំចូលបន្ទះអេឡិចត្រូនិក ជាវិស័យមួយដែលកោះតៃវ៉ាន់ក្ដោបក្ដាប់។
អំឡុងពេលថ្លែងនៅទីក្រុងតៃប៉ិទៅកាន់សមាជិកសហគមន៍ធុរកិច្ចកោះតៃវ៉ាន់ ដែលបានបណ្តាក់ទុន នៅប្រទេសចិន លោក Lai បាននិយាយថា សត្រូវរួមរបស់កោះតៃវ៉ាន់ និងចិន គឺគ្រោះមហន្តរាយធម្មជាតិ ហើយគោលដៅរួមរបស់ប្រទេសទាំង២ គឺសុខុមាលភាពរបស់ប្រជាជន នៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
លោកបានបញ្ជាក់បន្ថែមថា៖ «ហេតុដូច្នេះហើយ ជាពិសេសនៅពេលមានការប្រែប្រួលជាច្រើន នៅក្នុងស្ថានភាពអន្តរជាតិបែបនេះ យើងគួរតែមានការសន្ទនា និងការផ្លាស់ប្តូរល្អ រវាងភាគីទាំង២ នៃច្រកសមុទ្រ ដើម្បីសម្រេចបាននូវគោលដៅសន្តិភាព»៕