រដ្ឋអាជ្ញាស៊ុយអែត នៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា នាវាដឹកទំនិញ Vezhen បានធ្វើឲ្យខូចខាត ចំពោះខ្សែកាបក្រោមសមុទ្រដែលតភ្ជាប់ប្រទេសស៊ុយអែត និងឡាតវី កាលពីខែមុន ប៉ុន្តែវាជាឧបទ្ទវហេតុ មិនមែនជាការបំផ្លិចបំផ្លាញនោះទេ ដោយបន្ថែមថា នាវាដែលមានទង់ជាតិម៉ាល់តា ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីឃាត់ទុកដើម្បីស៊ើបអង្កេត។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលថ្ងៃទី២៦ ខែមករា ហើយជាករណីមួយ ក្នុងចំណោមករណីជាច្រើន នៅប៉ុន្មានខែថ្មីៗនេះ ដោយបង្កឲ្យមានការតាមចាប់នាវាដែលសង្ស័យថា មានជាប់ពាក់ព័ន្ធ។
នាវា Silver Dania ជានាវាដឹកទំនិញន័រវ៉ែស ដែលមាននាវិកជនជាតិរុស្ស៊ីទាំងអស់ ត្រូវបានអាជ្ញាធរន័រវ៉ែសឃាត់ទុកតាមសំណើរបស់ប្រជាជានឡាតវី មុនពេលត្រូវបានបញ្ជាក់មិនមានធ្វើអ្វីខុស និងដោះលែង។ នគរបាលស៊ុយអែតបានរឹបអូស និងឡើងលើនាវា Vezhen មួយថ្ងៃបន្ទាប់ពីខ្សែកាប ត្រូវបានធ្វើឲ្យខូចខាត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសស៊ុយអែត។
អាជ្ញាធរអយ្យការស៊ុយអែត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការស៊ើបអង្កេតឥឡូវនេះ បង្ហាញយ៉ាងច្បាស់ថា នេះមិនមែនជាករណីបំផ្លិចបំផ្លាញនោះទេ»។
តែទោះជាយ៉ាងណាក្ដី ក្រុមអ្នកស៊ើបអង្កេត បានសន្និដ្ឋានថា នាវា Vezhen បានបង្កការខូចខាត ហើយការស៊ើបអង្កេតរបស់ពួកគេ កំពុងបន្តពិនិត្យមើលថា តើមានឧក្រិដ្ឋកម្មផ្សេងទៀតដែរ ឬយ៉ាងណា៕