ភ្នំពេញ ÷ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិហៅកាត់ថា (ACIAR) ផ្តល់ការគាំទ្រដល់គម្រោងស្រាវជ្រាវកសិកម្មចំនួន២នៅប្រទេសកម្ពុជាដែលមានទំហំថវិកាសរុបចំនួន៦លានដុល្លាអូស្ត្រាលី។គម្រោងស្រាវជ្រាវនេះ នឹងជួយអភិវឌ្ឍការធ្វើកសិកម្មរបស់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបផ្នែកគ្រឿងយន្តកសិកម្ម និងការគ្រប់គ្រងធនធានដីប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការគម្រោងខាងលើ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីសាស្រ្តរាចារ្យ Wendy Umberger នាយកប្រតិបត្តិរបស់ ACIAR បានថ្លែងថា គម្រោងថ្មីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវអូស្ត្រាលីមកពីសាកលវិទ្យាល័យ ស៊ីដនី និងសាកលវិទ្យាល័យ Murdoch ដោយមានការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មដែលរួមមានការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាពហាប់ណែននៃដី និងឧបសគ្គលំបាកនានាក្នុងពេលប្រតិបត្តិការណ៍គឿងយន្តទំាងអស់នោះ ជាពិសេសសម្រាប់កសិករជាស្ត្រី។ ដោយឡែក ការគ្រប់គ្រងធនធានដីប្រកបដោយចីរភាពមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់សន្តិសុខស្បៀង និងជួយកាត់បន្ថយផលប៉ះពាល់ពីបំរែបំរួលរបស់អាកាសធាតុ ដោយសារដីដែលខូចគុណភាព បានរួមចំណែកបញ្ចេញសារធាតុកាបូន និងផ្តល់ផលប៉ះពាល់ដល់គុណភាពទឹក។
លោកបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបានថ្លែងថា ការយល់ដឹងអំពីបរិបទសង្គម-វប្បធម៌ និងសេដ្ឋកិច្ចរបស់កសិករកម្ពុជាមានសារៈសំខាន់ខ្លំាងណាស់ដើម្បីឱ្យពួកគេអាចទទួលយកបាននូវបច្ចេកវិទ្យាថ្មីៗ និងអាចយកវាមកប្រើប្រាស់ដោយជោគជ័យ។
ជាការកត់សំគាល់ ការគាំទ្ររបស់ ACIAR តាមរយ:គម្រោងស្រាវជ្រាវអំពីធនធានដី និងដំណាំ ដើម្បីការអភិវឌ្ឍកសិកម្មដោយចីរភាព ធ្វើឡើងស្របទៅតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២២-២០៣០ របស់កម្ពុជា និងផែនទីបង្ហាញផ្លូវស្តីអំពីបច្ចេកវិទ្យាកសិកម្ម។ អត្ថបទ៖ទូច សោភ័ណ







