ទីភ្នាក់ងារមនុស្សធម៌ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទទីស្នាក់ការរបស់ខ្លួនចំពោះបុគ្គលិកកាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ក្នុងពេលមានចំណាត់ការធ្វើឡើងដោយ លោក Elon Musk ជាអ្នកមានបំផុតរបស់ពិភពលោក និងជាជំនួយការរបស់ប្រធានាធិបតី លោក Donald Trump ដើម្បីបិទទីភ្នាក់ងារនេះ។

បុគ្គលិក នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវបានគេប្រាប់ឱ្យនៅខាងក្រៅការិយាល័យក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីគេហទំព័ររបស់ទីភ្នាក់ងារលែងចេញផ្សាយកាលពីចុងសប្តាហ៍ ដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានប្រកាសកាលពីថ្ងៃចន្ទថា វានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។

លោក Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារ «បានដើរខុសគោលដៅជាយូរមកហើយពីបេសកកម្មដើមរបស់ខ្លួនក្នុងការជំរុញដោយទទួលខុសត្រូវនូវផលប្រយោជន៍អាមេរិកនៅបរទេស» ហើយលោកកំពុងចាប់ផ្តើមការពិនិត្យឡើងវិញនូវសកម្មភាពរបស់ទីភ្នាក់ងារ មុនពេល «ការរៀបចំឡើងវិញដ៏មានសក្តានុពល»។
ប្រព័ន្ធផ្សព្វផ្សាយ ABC News បានរាយការណ៍ថា ប៉ុន្តែមានការភ័ន្តច្រឡំយ៉ាងទូលំទូលាយ ខណៈ បុគ្គលិកប្រហែល៦០០នាក់ ត្រូវបានគេមើលឃើញថាបានបិទប្រព័ន្ធកុំព្យូទ័ររបស់ពួកគេ។
ក្រុមអ្នកប្រជាធិបតេយ្យ ត្រូវបានបដិសេធមិនឱ្យចូលទៅកាន់កន្លែងទទួលភ្ញៀវសាធារណៈនៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនេះ ដោយនគរបាលបានបិទទ្វារ ខណៈពួកគេបានចូលរួមជាមួយបាតុករប្រហែល៥០នាក់ ដែលលើកបដាទាមទារថា «សង្គ្រោះទីភ្នាក់ងារUSAID សង្គ្រោះជីវិត»។