ភ្នំពេញ ៖ វិស័យអចលនទ្រព្យ រំពឹងថានឹងងើបឡើងវិញ បន្ទាប់ពីកម្ពុជាប្រកាសបើកប្រទេសឡើងវិញ អនុញ្ញាតវិនិយោគិនបរទេស ធុរកិច្ចជន និងភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ដោយរដ្ឋាភិបាលសម្រួលវិធានការសុខាភិបាល។ អ្នកជំនាញវិស័យអចលនទ្រព្យ ដាក់ក្តីរំពឹងថា គម្រោងវិនិយោគនានាពីបរទេស នឹងចាប់ងើបឡើងវិញចាប់ពីដើមឆ្នាំក្រោយទៅ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានដាក់ក្ដីរំពឹងថា អ្នកវិនិយោគបរទេសជាច្រើន នឹងត្រឡប់មកកម្ពុជា នៅក្រោយបុណ្យចូលឆ្នាំចិន នាឆ្នាំ២០២២ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីដើមខែវិច្ឆិកន្លងទៅ ។
ការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ បន្ទាប់ពីក្រុមហ៊ុន KW Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោកស្រី ក្រី ម៉ាយ៉ាន តំណាងអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម ផងដែរ ។
អ្នកជំនាញដដែលបន្ដថា ក្នុងនាមក្រុមហ៊ុនអន្ដរជាតិ ដែលមានក្រុមហ៊ុនដៃគូបរទេសជាច្រើន បានសហការវិនិយោគនៅកម្ពុជា តែក្រោយវត្តមានវិបត្តិកូវីដ បានធ្វើឲ្យវិនិយោគទុនបរទេសជាច្រើនបានចាកចេញទៅវិញ ។
ការប្រកាសបើកដំណើរការប្រទេសរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺជាការបើកភ្លើងខៀវ សម្រាប់វិនិយោគទុនបរទេស ដែលលោករំពឹងថា ក្រោយចូលឆ្នាំចិន ឆ្នាំ២០២២ អ្នកវិនិយោគទាំងនោះ នឹងត្រឡប់មកកម្ពុជាច្រើន ពិសេសវិនិយោគទុនចិនតែម្ដង ។
យ៉ាងណាមិញលោកបណ្ឌិត គីម ហ៊ាង បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាច្រើន ក៏អាស្រ័យលើអ្នកមានធនធានច្រើនក្នុងស្រុក បញ្ចេញលុយវិនិយោគឲ្យបានច្រើនដែរ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាកម្រើខ្លាំងសិនដែរ ទើបអាចទាក់ទាញវិនិយោគទុនបរទេសកាន់តែច្រើនត្រឡប់មកវិញ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូស្រាល ៕
អត្ថបទ ៖ លី ឈុនឡា
