ភ្នំពេញ ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា ចំពោះសេវាដឹកអ្នកដំណើរសាធារណៈតាមរថយន្តក្រុង និងកាណូត ត្រូវបានអនុវត្តវិធានការអនាម័យខ្ជាប់ខ្ជួនការពារពីការឆ្លងជំងឺកូវីដ១៩ ខណៈអ្នកដំណើរមិនសូវមានជិះច្រើននៅឡើយ។
បន្ទាប់ពីសេវារថយន្តក្រុង និងកាណូតក្នុងរាជធានីភ្នំពេញបានបើកដំណើរឡើងវិញ ជិតរយៈពេល២សប្តាហ៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីចាប់ដំណើរការឡើងវិញនូវសេវារថយន្តក្រុង និងកាណូតមក សកម្មភាពនៃការធ្វើដំណើរទៅលើមធ្យោបាយទាំង២នេះ នៅមិនទាន់មានវិលមកប្រក្រតីភាព ១០០ភាគរយនៅឡើយទេ បើធៀបនឹងចំនួនអ្នកធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះជុំវិញការអនុវត្តវិធានការសុវត្ថិភាពជូនអ្នកដំណើរ លោក ម៉េត មាសភក្តី បន្តថា ក្នុងមធ្យោបាយនីមួយៗ មានការអនុវត្តត្រឹមត្រូវ និងខ្ជាប់ខ្ជួននូវអនាម័យ ដូចជាពិនិត្យកម្តៅ បាញ់អាកុល ពាក់ម៉ាស និងការអង្គុយរបស់អ្នកដំណើរទាំងអស់ត្រូវរក្សាគម្លាតជាដើម។
ដោយឡែក អ្នកបើកបររថយន្តក្រុង បានលើកឡើងថា គិតចាប់ពីដំណើរសេវាសាធារណៈមក មិនទាន់មានអ្នកដំណើរទូទៅជិះច្រើនដូចពេលមុននៅឡើយទេ ដោយសារអ្នកដំណើរមួយចំនួននៅព្រួយបារម្ភការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់អះអាងថា គ្រប់អ្នកដំណើរទាំងអស់បានឆ្លងកាត់ការពិនិត្យ និងណែនាំយ៉ាងម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា បន្ទាប់ពីការដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ តាំងពីថ្ងៃទី០២ ខែវិច្ឆិកាមក សេវាទាំង២នេះបានគិតកម្រៃសេវាធម្មតាចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែក៏លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។
ក្នុងនោះមានខ្សែរត់ដូចជា ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ, ខ្សែទី២ ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ, ខ្សែទី៣ ចេញពីស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី, ខ្សែទី៤A ចេញពីស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី និងខ្សែទី៤B ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ, ចំពោះកាណូត គឺចេញពីស្ថានីយ ចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ៕
អត្ថបទ ៖ សេក ឧត្តម