អាជ្ញាធរព្រែកជីក Suez កាលពីថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) បានឲ្យដឹងថា នាវាដឹកប្រេងឆៅដែលមានទង់ជាតិលីបេរីយ៉ាឈ្មោះ Chrysalis ដែលត្រូវបានវាយប្រហារដោយក្រុមហ៊ួទីរបស់ប្រទេសយេម៉ែនកាលពីឆ្នាំមុន បានធ្វើចរាចរណ៍ឆ្លងកាត់សមុទ្រក្រហម ក្នុងសប្តាហ៍នេះ ជាការធ្វើដំណើរលើកដំបូង គិតចាប់តាំងពីកងជីវពលនេះ បានប្រកាសបញ្ឈប់ការវាយប្រហារលើនាវាដែលមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូន ដែលភាគច្រើនបានផ្អាកការធ្វើដំណើរ នៅសមុទ្រក្រហម និងប្ដូរផ្លូវរបស់នាវាទៅជុំវិញតំបន់អាហ្វ្រិកភាគខាងត្បូងវិញ ដើម្បីចៀសវាងពីការវាយប្រហាររបស់ក្រុមហ៊ួទី កំពុងរង់ចាំយ៉ាងអន្ទះសារ សម្រាប់ការបញ្ជាក់អំពីការធ្វើដំណើរប្រកបដោយសុវត្ថិភាពឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
បន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មួយនេះ ដែលបានធ្វើការវាយប្រហារជាង ១០០លើក លើនាវានានា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ និងបានពន្លិចនាវា ២គ្រឿង បាននិយាយកាលពីថ្ងៃទី២០ ខែមករាថា ពួកគេនឹងកំណត់ការវាយប្រហាររបស់ខ្លួនលើផ្លូវដឹកជញ្ជូនដែលភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល។
នៅមុននេះ ពួកគេបានកំណត់គោលដៅលើនាវាដែលមានពាក់ព័ន្ធនឹងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ទោះបីជានាវាផ្សេងទៀតដែលមិនមានការភ្ជាប់ទំនាក់ទំនង ក៏ត្រូវបានវាយប្រហារផងដែរ។
យ៉ាងណាក្ដី អមដោយការសាទរចំពោះការវិលត្រលប់មកកាន់ផ្លូវដំណើរនេះវិញរបស់នាវា Chrysalis កាលពីថ្ងៃចន្ទ អាជ្ញាធរព្រែកជីក Suez របស់អេហ្ស៊ីប បានប្រាប់ឲ្យដឹងថា៖ «នេះគឺជាការឆ្លងកាត់លើកដំបូងរបស់នាវានេះ ចាប់តាំងពីត្រូវបានវាយប្រហារ នៅសមុទ្រក្រហម កាលពីខែកក្កដាឆ្នាំមុន»៕