ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនដែលស្និទ្ធនឹងក្រុមហាម៉ាស បាននិយាយក្នុងរបាយការណ៍មួយ កាលពីថ្ងៃចន្ទថ ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៤ ដែលបានយល់ព្រមផ្តល់ទីស្នាក់អាស្រ័យដល់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ដែលត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី ១៥ ខែមករា ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។
ដំណាក់កាលបទឈប់បាញ់ដំបូងរយៈពេល ៦សប្តាហ៍ ដែលបានបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ រួមមានការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗពីភាគកណ្តាលហ្កាហ្សា និងការវិលត្រឡប់របស់ជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ទៅកាន់ភាគខាងជើងហ្កាហ្សា។ ក្នុងចំណោមលក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀង គឺក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៣៣នាក់ រួមទាំងស្ត្រីទាំងអស់ (ទាហាន និងជនស៊ីវិល) កុមារ និងបុរសដែលមានអាយុលើសពី ៥០ឆ្នាំ។ ជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៣០នាក់ សម្រាប់រាល់ចំណាប់ថ្នូរស៊ីវិលម្នាក់ៗ និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៥០នាក់ សម្រាប់ទាហានស្រីអ៊ីស្រាអែលម្នាក់ៗ ដែលក្រុមហាម៉ាស ត្រូវដោះលែង។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីមន្ត្រីជាន់់ខ្ពស់ហាម៉ាសម្នាក់ថា៖«បច្ចុប្បន្នចលនា [ហាម៉ាស] កំពុងពិភាក្សា ជាមួយប្រទេសមួយចំនួន ដើម្បីធានាឲ្យមានការយល់ព្រមចំពោះការទទួលយកអ្នកទោសដែលត្រូវបានដោះលែងនៅសេស សល់។
ប្រទេសដែលបានយល់ព្រមទទួលពួកគេ រហូតមកដល់ពេលនេះ រួមមាន ទួរគី កាតា ប៉ាគីស្ថាន និងម៉ាឡេស៊ី។