ប្រភពការទូត និងពីអង្គការសហប្រជាជាតិ (UN) ចំនួន ៤រូប បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ូហ្គង់ដា បានដាក់ពង្រាយទាហានបន្ថែមជាង ១.០០០នាក់ទៅកាន់ភាគខាងកើតកុងហ្គោ ក្នុងសប្តាហ៍កន្លងទៅនេះ នៅជិតតំបន់ដែលរដ្ឋាភិបាលទីក្រុង Kinshasa (គីនស្ហាសា) កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាម M23 ដោយធ្វើឲ្យការភ័យខ្លាចមានខ្លាំងឡើងៗ អំពីការកើនឡើងនូវភាពតានតឹងក្នុងតំបន់។
បើយោងតាមប្រភពរបស់ UN បានឲ្យដឹងថា ការបន្ថែមនោះ បានធ្វើឲ្យចំនួនទាហានអ៊ូហ្គង់ដាជាផ្លូវការដែលមានវត្តមាននៅទីនោះ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi ឡើងដល់ប្រហែលពី ៤.០០០ ទៅ ៥.០០០នាក់ហើយ។ ចំណែករ៉្វាន់ដាដែលគាំទ្រក្រុមឧទ្ទាម M23 ក៏មានកងទ័ពនៅភាគខាងកើតកុងហ្គោផងដែរ។
ប្រភពបានបន្ថែមថា អ៊ូហ្គង់ដាបាន និងកំពុងជួយកងទ័ពរបស់កុងហ្គោ ប្រឆាំងនឹងកម្លាំងឧទ្ទាមមួយផ្សេងទៀត គឺកងកម្លាំងការពារសម្ព័ន្ធមិត្តឥស្លាម ហើយការដាក់ពង្រាយកងទ័ពថ្មីពី ១.០០០នាក់ ទៅ ២.០០០នាក់ គឺស្ថិតនៅក្រោមការជួយគាំទ្រនោះ ជាប្រតិបត្តិការជំរុញមួយហៅថា Operation Shujaa។
តែអ្នកនាំពាក្យកងទ័ពអ៊ូហ្គង់ដា លោក Felix Kulayigye បានបដិសេធការដាក់ពង្រាយថ្មីដ៏ធំនេះ ដោយនិយាយថា កងកម្លាំងរបស់ខ្លួន បានផ្លាស់ប្តូរ «យុទ្ធសាស្ត្រទៅជាការការពារការវាយលុក» ដោយមិនបានផ្តល់ព័ត៌មានអ្វីលម្អិតបន្ថែម៕