នគរបាលស៊ុយអែត បាននិយាយថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏រន្ធត់នៅមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យមួយកន្លែងកាលពីថ្ងៃអង្គារ (០៤ កុម្ភៈ) ដែលជាការវាយប្រហារដោយកាំភ្លើងដ៏បង្ហូរឈាមបំផុតរបស់ប្រទេស នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីហៅថាជា "ថ្ងៃដ៏ឈឺចាប់"។

នគរបាលនិយាយថា ខ្មាន់កាំភ្លើងត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ ហើយការស្វែងរកជនរងគ្រោះដែលអាចមានផ្សេងទៀតកំពុងបន្ត នៅសាលាដែលមានទីតាំងក្នុងទីក្រុង Orebro។ មូលហេតុនៃការបាញ់ប្រហារនេះមិនត្រូវបានគេដឹងភ្លាមៗទេ។

ដំបូងឡើយនគរបាលនិយាយថាមានមនុស្ស ១០នាក់ស្លាប់ ប៉ុន្តែក្រោយមកនៅពេលល្ងាច នគរបាលនិយាយថា "នៅពេលនេះ មានអ្នកស្លាប់ដោយសារឧបទ្ទវហេតុនេះចំនួន ១១នាក់ ។ ចំនួនអ្នករបួសនៅមិនទាន់ច្បាស់នៅឡើយ ហើយបច្ចុប្បន្នយើងមិនទាន់មានព័ត៌មានអំពីស្ថានភាពនៃអ្នករងរបួសនោះទេ"។

លោកនាយករដ្ឋមន្រ្តី Ulf Kristersson បាននិយាយថា នេះជាការបាញ់ប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រស៊ុយអែត។ ការបាញ់ប្រហារនេះបានកើតឡើងនៅក្រុង Orebro ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីស្តុកហូម នៅសាលា Risbergska សម្រាប់មនុស្សពេញវ័យដែលមិនបានបញ្ចប់ការសិក្សាផ្លូវការរបស់ពួកគេ ឬមិនបានទទួលបានចំណាត់ថ្នាក់ល្អដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សា៕