ទាហានរបស់ប្រទេសម៉ិកស៊ិក ត្រូវបានដាក់ពង្រាយកាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ទៅកាន់ព្រំដែនជាមួយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបញ្ឈប់ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលពីប្រទេសម៉ិកស៊ិក ក្រោមលក្ខខណ្ឌដែលប្រទេសអាមេរិកឡាទីនមួយនេះ បង្ក្រាបលើការជួញដូរសារធាតុញៀនហ្វង់តានីល។

មន្ត្រីយោធានិងរដ្ឋាភិបាលបីរូប ដែលដឹងអំពីផែនការនេះ បាននិយាយថា ទាហានម៉ិកស៊ិក នឹងត្រូវដាក់ពង្រាយទៅកាន់ចំណុចក្តៅនៅតាមព្រំដែនដែលមានអត្រាខ្ពស់នៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀននិងអាវុធ រួមទាំងរដ្ឋជាប់ព្រំដែន Baja California រដ្ឋSonora និង រដ្ឋTamaulipas ផងដែរ។

ផែនការដាក់ពង្រាយទាហានម៉ិកស៊ិក ១០.០០០នាក់ បង្កើតផ្នែកនៃកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ក្រោមការដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកការគំរាមពីការដាក់ពន្ធបន្ថែម២៥% លើការនាំចូលពីប្រទេសម៉ិកស៊ិក ខណៈប្រទេសម៉ិកស៊ិក បានប្តេជ្ញាដាក់ពន្ធសងសឹកវិញ។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក ក៏បានសន្យាថានឹងធ្វើការដើម្បីបញ្ឈប់លំហូរអាវុធចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីសហរដ្ឋអាមេរិក ផងដែរ។