មន្ត្រីជាន់ខ្ពស់ម៉ិកស៊ិក កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ពួកគេមានទំនុកចិត្តថា ប្រទេសម៉ិកស៊ិក អាចឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក មុនពេលការដំឡើងពន្ធដែលត្រូវបានគំរាមកំហែង នឹងចូលជាធរមាន ដោយសហរដ្ឋអាមេរិកទាមទារឲ្យមានវឌ្ឍនភាពលើការប្រយុទ្ធប្រឆាំងនឹងលំហូរគ្រឿងញៀន និងជនអន្តោប្រវេសន៍ នៅតាមព្រំដែនរួម។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទាំងម៉ិកស៊ិក និងកាណាដា ដោយការដំឡើងពន្ធ ២៥ភាគរយ ប៉ុន្តែបានសម្រេចពន្យាររយៈពេលមួយខែ កាលពីថ្ងៃទី៣ ខែកុម្ភៈ ជាថ្នូរនឹងការសន្យាពីប្រទេសទាំង២ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន និងអន្តោប្រវេសន៍។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Marcelo Ebrard បានប្រាប់អ្នកសារព័ត៌មានថា៖ «ខែនេះ គឺហួសពីគ្រប់គ្រាន់ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងលើបញ្ហាទាំងនេះ»។ លោកបានបន្ថែមថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ឥឡូវនេះ ស្ថិតនៅលើទីលានប្រកួតស្មើភាពជាងមុន នៅពេលចូលទៅកាន់តុចរចា។
ចំណែករដ្ឋមន្ត្រីការបរទេស លោក Juan Ramon de la Fuente បាននិយាយថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ យើងអាចផ្តល់ភស្តុតាងយ៉ាងរឹងមាំថា ម៉ិកស៊ិក មានឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ។ យើងមានបញ្ហាដូចគ្នា ហើយប្រទេសទាំង២ នឹងធ្វើការងារបានកាន់តែល្អច្រើនឡើងៗ ប្រសិនបើយើងប្រឈមជាមួយបញ្ហាទាំងនោះជាមួយគ្នា»៕