នៅក្នុងបទសម្ភាសន៍មួយជាមួយ អ្នកសារព័ត៌មានអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា ប្រទេសរបស់លោកត្រូវការអាវុធនុយក្លេអ៊ែរ និងជំនួយផ្នែកយោធាផ្សេងៗទៀត ដើម្បីការពារពីរុស្ស៊ី រហូតដល់ខ្លួនត្រូវបានទទួលយកជាសមាជិកក្នុងសម្ព័ន្ធយោធាណាតូ។
ក្នុងអំឡុងបទសម្ភាសន៍ លោកប្រធានាធិបតី ត្រូវបានគេសួរ ថាតើអ៊ុយក្រែននឹងការពារខ្លួនពី «អំពើអាក្រក់» យ៉ាងដូចម្តេច ប្រសិនបើដំណើរការនៃការចូលជាសមាជិកសម្ព័ន្ធមិត្តយោធាលោកខាងលិចត្រូវបន្តរយៈពេលជាច្រើនឆ្នាំទៀត។ លោក Zelenskyy បាននិយាយថា សុំផ្តល់ឱ្យយើងត្រឡប់មកវិញនូវអាវុធនុយក្លេអ៊ែរ។ លោក ក៏បាននិយាយផងដែរថា លោកចង់ឱ្យដៃគូរបស់លោកផ្តល់ប្រព័ន្ធមីស៊ីលនិងជំនួយហិរញ្ញវត្ថុសម្រាប់សមាជិកយោធាមួយលាននាក់។
សព្វាវុធនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងសម័យអតីតសហភាពសូវៀត។ ការនិយាយលើកឡើងរបស់ លោក Zelenskyy អំពីអាវុធនុយក្លេអ៊ែរ ត្រូវបានគេមើលឃើញថា ជាការអំពាវនាវដ៏ខ្លាំងក្លា សម្រាប់សមាជិកភាពក្នុងសម្ព័ន្ធយោធាណាតូ ដែលអ៊ុយក្រែនកំពុងស្វែងរក។