ក្តីរំភើបរបស់លោក Ahmed Al-Sheikh ក្នុងការវិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់ខ្លួន ពីប្រទេសទួរគីដែលនៅជិតខាង បន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាល់អាសាដ (Bashar al-Assad) បានប្រែទៅជាការខកចិត្តដ៏ជូរចត់ ចំពោះស្ថានភាពរស់នៅដ៏ក្រៀមក្រំ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសង្រ្គាមប្រហែល ១៣ឆ្នាំ។
លោក Sheikh គឺជាជនជាតិស៊ីរីម្នាក់ ក្នុងចំណោម ៣៥.000នាក់ ដែលបានចាកចេញពីប្រទេសទួរគី ទៅកាន់ប្រទេសស៊ីរី ពោរពេញដោយក្តីសង្ឃឹម ក្នុងរយៈពេល ៣សប្តាហ៍ដំបូង បន្ទាប់ពីលោក អាសាដ ត្រូវបានផ្តួលរំលំ កាលពីថ្ងៃទី ០៨ ខែធ្នូ ដោយបានបោះបង់សិទ្ធិ ក្នុងការវិលត្រឡប់មកកាន់ប្រទេសទួរគីវិញ បន្ទាប់ពីចុះហត្ថលេខាលើឯកសារវិលត្រឡប់ដោយស្ម័គ្រចិត្ត។
សមាគមជនភៀសខ្លួនរបស់ប្រទេសទួរគី និយាយថា មនុស្សជាច្រើនដូចជាលោក Sheikh ឥឡូវនេះ មានការខកចិត្ត ចំពោះការពិតនៃជីវិត នៅក្នុងប្រទេសដែលរងគ្រោះដោយសង្រ្គាមនេះ។
លោក Sheikh អាយុ ៣៥ឆ្នាំ បាននិយាយនៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីត្រឡប់ទៅទីក្រុង Aleppo រយៈពេល ៨ឆ្នាំ បន្ទាប់ពីលោកបានភៀសខ្លួនទៅប្រទេសទួរគីថា៖«ខ្ញុំភ្ញាក់ផ្អើលចំពោះស្ថានភាពមហន្តរាយដែលលើសពីការរំពឹងទុករបស់ខ្ញុំ»។ លោកបានបន្តថា ទឹក និងអគ្គិសនី ត្រូវបានកាត់ជាញឹកញាប់ ហើយការទំនាក់ទំនងតាមអ៊ីនធឺណិត គឺស្ទើរតែមិនមាន។