រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃពុធ (ទី៥ ខែកុម្ភៈ) នេះ បាននិយាយថា ក្ដីបារម្ភរបស់សហរដ្ឋអាមេរិក អំពីប្រទេសអ៊ីរ៉ង់ ដែលកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មិនមែនជាបញ្ហាស្មុគស្មាញនោះទេ ហើយអាចដោះស្រាយបាន ដោយសារទីក្រុងតេអេរ៉ង់ប្រឆាំងពីការមានអាវុធប្រល័យលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យមានឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធខ្លាំងក្លាបំផុត» របស់លោក ចំពោះប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែង ក្នុងការជំរុញឲ្យការនាំចេញប្រេងរបស់ប្រទេសនេះធ្លាក់ដល់កម្រិតសូន្យ ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។
លោក Araqchi បាននិយាយថា៖ «ប្រសិនបើក្ដីបារម្ភចម្បង គឺថា អ៊ីរ៉ង់មិនគួរបន្តអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរ កង្វល់នេះគឺអាចដោះស្រាយបាន ហើយវាមិនមែនជាបញ្ហាស្មុគស្មាញនោះទេ។ ជំហររបស់អ៊ីរ៉ង់ គឺច្បាស់លាស់ណាស់ថា យើងគឺជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយច្បាប់សាសនាឥស្លាមរបស់មេដឹកនាំកំពូល បានបញ្ជាក់ពីជំហររបស់យើងរួចហើយ (ប្រឆាំងនឹងអាវុធប្រល័យលោក)។ ការដាក់សម្ពាធខ្លាំងក្លាបំផុត គឺជាបទពិសោធន៍មិនទទួលបានជោគជ័យ ហើយការព្យាយាមធ្វើវាម្តងទៀត នឹងនាំទៅរកការបរាជ័យមួយផ្សេងទៀត»។
លោក Trump បានផ្តួចផ្តើមយុទ្ធនាការ «ដាក់សម្ពាធខ្លាំងក្លាបំផុត» លើអ៊ីរ៉ង់ អំឡុងអាណត្តិដំបូងរបស់លោក បន្ទាប់ពីបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដកទណ្ឌកម្មអន្តរជាតិ ជាថ្នូរនឹងការកម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕