នៅថ្ងៃពុធនេះ របបសឹកមីយ៉ាន់ម៉ា ខកខានជាថ្មីម្តងទៀតក្នុងការប៉ុនប៉ងរបស់ពួកគេលក់គេហដ្ឋានជាប់មាត់បឹងរបស់លោកស្រី Aung San Suu Kyi ដោយគ្មានការដាក់ដេញថ្លៃណាមួយធ្វើឡើងនោះឡើយសម្រាប់វិមានរបស់អតីតមេដឹកនាំប្រជាធិបតេយ្យម្នាក់នេះ និងជាការលក់លើកទី ៣ពុំទទួលបានជោគជ័យ ។
ផ្ទះកម្ពស់ ២ជាន់ស្ថិតក្នុងទីក្រុងយ៉ង់ហ្គោននេះ បានដាក់លក់ដេញថ្លៃក្នុងតម្លៃអប្បរមា ១៤០លានដុល្លារ បន្ទាប់ពីមានជម្លោះអស់រយៈពេលច្រើនទសវត្សរ៍លើអចលនទ្រព្យនេះរវាងលោកស្រី Suu Kyi ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងបងប្រុសរបស់គាត់ ។
លោកស្រី Aung San Suu Kyi ដែលបានចំណាយពេលច្រើនឆ្នាំក្រោមការបង្ខាំងខ្លួនក្នុងផ្ទះនេះ ក្រោមអតីតរបបសឹក ត្រូវបានឃុំខ្លួន ចាប់តាំងពីយោធារឹបអូសអំណាចម្តងទៀតកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ។
ក្រុមអ្នកសារព័ត៌មានរបស់ AFP ដែលបានចូលរួមព្រឹត្តការណ៍ដេញថ្លៃនេះ បានមើលឃើញថា ក្រោយការដាក់ដេញថ្លៃចាប់ផ្តើមពីតម្លៃ ១៤០លានដុល្លារឡើងទៅ គ្មានទទួលបានការឆ្លើយតប អ្នកដាក់តម្លៃដេញថ្លៃ បានប្រកាសបញ្ចប់ការលក់ ៕