ប្រជាជនហ្កាហ្សា បានជំទាស់យ៉ាងដាច់ខាត និងរិះគន់ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់កាប់តំបន់ហ្កាហ្សាស្រ្ទីប និងផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនឱ្យទៅនៅកន្លែងផ្សេងទៀត ដោយប្តេជ្ញាថានឹងមិនចាកចេញពីផ្ទះសម្បែងដ៏ខ្ទេចខ្ទីរបស់ពួកគេទេ នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធដែល Trump ចង់ប្រែឱ្យក្លាយទៅជា "តំបន់លំហែកាយឆ្នេរសមុទ្រមជ្ឈិមបូព៌ា"។

អ្នកក្រុងហ្កាហ្សាម្នាក់ឈ្មោះ Samir Abu Basel និយាយទាំងខឹងសម្បារថា "លោក Trump ចេញឱ្យឆ្ងាយទៅ ហើយយកគំនិតដ៏ឆ្កួតលីលា លុយដ៏កខ្វក់ និងជំនឿចិត្តដ៏ក្រអឺតក្រទមរបស់លោកទៅជាមួយផង។ អ្នកស្រុកប៉ាឡេស្ទីនមិនទៅណាទេ យើងស៊ូទាំ្ររស់នៅក្រោមគំនរបែកបាក់ ហើយពួកយើងមិនមែនជារបស់របរ ឬទ្រព្យសម្បត្តិរបស់អាមេរិកឡើយ"។

លោក Trump បាននិយាយថា លោកស្រមៃចង់សាងសង់រមណីយដ្ឋានមួយដែលសហគមន៍អន្តរជាតិអាចរស់នៅបានបន្ទាប់ពីជាង ១៥ខែនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ឆ្នេរហ៊ុមព័ទ្ធដ៏តូចនេះ និងសម្លាប់មនុស្សជាង ៤៧.០០០នាក់ យោងតាមតួលេខពីប៉ាឡេស្ទីន។
អ្នកស្រុកហ្កាហ្សាលើកឡើងថា បន្ទាប់ពីសង្គ្រាម និងគ្រាប់បែកបានបរាជ័យក្នុងការបណ្តេញពួកគេចេញពីហ្កាហ្សា ពេលនេះលោក Trump ក៏នឹងមិនជោគជ័យក្នុងការធ្វើដូច្នេះដែរ។

នៅពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងសង្រ្គាមហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនភ័យខ្លាចថាពួកគេនឹងទទួលរងនូវព្រឹត្តិការណ៍ឈ្មោះថា "ណាក់បា" (Nakba) ឬមហន្តរាយមួយផ្សេងទៀត ដោយជាពេលវេលាដែលមនុស្សរាប់សែននាក់ត្រូវរុះរើផ្ទះសម្បែងរបស់ពួកគេចាកចេញទៅតាំងលំនៅកន្លែងផ្សេង នៅក្នុងសង្រ្គាមដែលនាំទៅដល់ការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ១៩៤៨៕