ក្រសួងការពារជាតិ និងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) នេះថា ពួកគេបានហាមប្រាមមិនឱ្យបុគ្គលិកប្រើបណ្ដាញ DeepSeek លើកុំព្យូទ័រការងារ បន្ទាប់ពីអ្នកឃ្លាំមើលទិន្នន័យរបស់ប្រទេសបានដាក់សំណើឱ្យក្រុមហ៊ុន AI ថ្មីរបស់ចិនមួយនេះ បញ្ជាក់ពីរបៀបដែលខ្លួនគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់។

DeepSeek បានចាប់ផ្តើមប្រព័ន្ធសារឆ្លើយឆ្លង R1 របស់ខ្លួនកាលពីខែមុន ដោយអះអាងថាប្រព័ន្ធនេះដូចគ្នានឹងសមត្ថភាពនៃបណ្ដាញបញ្ញាសិប្បនិម្មិត AI នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែប្រើតែផ្នែកតូចមួយប៉ុណ្ណោះនៃថវិកាវិនិយោគ។

កូរ៉េខាងត្បូង រួមជាមួយនឹងប្រទេសផ្សេងទៀតដូចជាបារាំង និងអ៊ីតាលី បានចោទសួរពីការអនុវត្តទិន្នន័យរបស់ DeepSeek ដោយដាក់សំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានលម្អិតទៅលើមធ្យោបាយដែលក្រុមហ៊ុននេះគ្រប់គ្រងព័ត៌មានរបស់អ្នកប្រើប្រាស់។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំង DeepSeek ពីកុំព្យូទ័រយោធាដែលភ្ជាប់ទៅអ៊ីនធឺណិត ខណៈក្រសួងពាណិជ្ជកម្មបាននិយាយថា ការចូលប្រើត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្នលើកុំព្យូទ័រទាំងអស់នៅក្នុងទីភ្នាក់ងារនេះ។ ក្រសួងពាណិជ្ជកម្មនិយាយថា DeepSeek មិនបានឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលទិន្នន័យជុំវិញបញ្ហានេះទេ៕