ប្រភពជាន់ខ្ពស់ចំនួនពីររបស់អ៊ុយក្រែន បានប្រាប់សារព័ត៌មានរ៉យទ័រថា មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលបាញ់មកលើអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីចុងខែធ្នូមក មានភាពច្បាស់លាស់ និងសុក្រិតខ្លាំង ជាងការបាញ់បង្ហោះសព្វាវុធបែបនេះកាលពីឆ្នាំមុន។

ប្រភពលើកឡើងថា នៅពេលទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងព្យុងយ៉ាងបង្កឱ្យមានការជូនដំណឹងចាប់ពីទីក្រុងវ៉ាស៊ីនតោន ទៅដល់ទីក្រុងសេអ៊ូល កំណើននៃភាពត្រឹមត្រូវ - ក្នុងរង្វង់ ៥០-១០០ម៉ែត្រនៃគោលដៅបាញ់បង្ហោះដែលបានគ្រោងទុក - បង្ហាញថា កូរ៉េខាងជើង កំពុងប្រើប្រាស់សមរភូមិដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនដោយជោគជ័យ។

ប្រភពយោធាដែលសុំមិនបញ្ចេញឈ្មោះនោះ បានពណ៌នាអំពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងភាពជាក់លាក់នៃមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងជាង ២០គ្រាប់ ដែលបានវាយប្រហារលើអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។

កម្មវិធីយោធារបស់កូរ៉េខាងជើង បានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ដែលទីក្រុងព្យុងយ៉ាងនិយាយថា អាចត្រូវបានបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ។ ទោះបីជាយ៉ាងនេះក្ដី ប្រទេសឯកោជាយូរមកហើយនេះមិនដែលសាកល្បងអាវុធថ្មីក្នុងការប្រយុទ្ធឡើយ គឺទើបតែជាប់ពាក់ព័ន្ធក្នុងជម្លោះអ៊ុយក្រែននេះប៉ុណ្ណោះ៕