បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្វាគមន៍មេដឹកនាំពិភពលោកក្នុងសន្និសីទអន្តរជាតិស្តីពីប្រទេសលីប៊ី ខណៈដែលប្រទេសអាហ្វ្រិកខាងជើងមួយនេះខិតជិតដល់ការបោះឆ្នោត ដែលរង់ចាំជាយូរមកនៅខែក្រោយ។ វាជាការបោះឆ្នោតដែលប្រទេសមហាអំណាចក្នុងតំបន់ និងពិភពលោកសង្ឃឹមថា នឹងទាញប្រទេសសម្បូរប្រេងនេះចេញពីភាពវឹកវរដែលមានរយៈពេលមួយទសវត្សរ៍មកហើយ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងមន្ត្រីកំពូលៗជាច្រើននាក់ផ្សេងទៀតបានចូលរួមក្នុងសន្និសីទទីក្រុងប៉ារីស ហើយត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការបោះឆ្នោតប្រកបដោយតម្លាភាព និងគួរឱ្យទុកចិត្ត។ ពួកគេក៏ត្រូវបានកំណត់ដើម្បីជំរុញឱ្យមានការដកកងទ័ព និងកងកម្លាំងបរទេសចេញពីប្រទេសលីប៊ីដូចដែលបានបញ្ជាក់ នៅក្នុងបទឈប់បាញ់សម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដែលបានបញ្ចប់ការប្រយុទ្ធគ្នារវាងក្រុមជម្លោះនៅក្នុងប្រទេស។ ប្រទេសលីប៊ីបានធ្លាក់ចូលទៅក្នុងភាពវឹកវរចាប់តាំងពីការបះបោរគាំទ្រដោយណាតូឆ្នាំ២០១១ ដែលបានផ្តួលរំលំមេដឹកនាំផ្ដាច់ការលោក Moammar Gadhafi ដែលក្រោយមកត្រូវបានសម្លាប់។ ប្រទេសដែលសម្បូរប្រេងមួយនេះបានបំបែករវាងរដ្ឋាភិបាលគូប្រជែង ដែលមួយភាគីមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលី និងភាគីមួយផ្សេងទៀតនៅភាគខាងកើតនៃប្រទេស។ ភាគីនីមួយៗត្រូវបានគាំទ្រដោយអំណាចបរទេស និងកងជីវពលផ្សេងៗគ្នា៕
អត្ថបទ៖ ប៊ុនថន