បាត់ដំបង ៖ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់ទូរទស្សន៍BTVនៅមុននេះបន្តិចថា សមត្ថកិច្ចបានរកឃើញកាំភ្លើងវែងប្រភេទអាកាស្វ័យ AK ចំនួន៤០ដើម និងប្រភេទM79 ចំនួន៣ដើម នៅចំការមៀនមួយកន្លែងស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងបន្ថែមថា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក មានប្រជាពលរដ្ឋប្រទះឃើញ កាំភ្លើងប្រភេទវែង និងបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានរុករកឃើញកាំភ្លើងវែងប្រភេទ អាកាស្វ័យ AK ចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើងM79 ចំនួន៣ដើម ។
សមត្ថកិច្ចបានយកអាវុធទាំងអស់ ប្រគល់ជូនកងពលថ្មើជើងលេខ៥៣ និងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ត៕





