ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា នាវារដ្ឋាភិបាលអាមេរិក ឥឡូវនេះ អាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា (Panama Canal) ដោយមិនចាំបាច់ថ្លៃសេវានោះឡើយ។
ក្រសួងបានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា៖ «រដ្ឋាភិបាលប៉ាណាម៉ា បានយល់ព្រមលែងឲ្យមានការបង់ថ្លៃទៀតហើយ សម្រាប់នាវារដ្ឋាភិបាលអាមេរិក ដែលឆ្លងកាត់ព្រែកជិកប៉ាណាម៉ា»។
ក្រសួងបានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជួយសន្សំប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានដុល្លារ ក្នុងមួយឆ្នាំៗ។ អាជ្ញាធរព្រែកជីកប៉ាណាម៉ា មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីមិនចាំបាច់បង់ប្រាក់របស់នាវារដ្ឋាភិបាលអាមេរិកនេះ។
កាលពីថ្ងៃទី២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino អំឡុងពេលធ្វើដំណើរទៅកាន់អាមេរិកកណ្តាល។ ប៉ាណាម៉ាបានក្លាយជាផ្ទាំងស៊ីបរបស់រដ្ឋបាលលោក Donald Trump ខណៈដែលប្រធានាធិបតីអាមេរិក បានចោទប្រកាន់ប្រទេសនៅអាមេរិកកណ្តាលមួយនេះថា បានគិតតម្លៃថ្លៃហួស សម្រាប់ការឆ្លងកាត់របស់នាវាអាមេរិក។
លោក Trump បាននិយាយកាលពីខែមករាថា៖ «ប្រសិនបើគោលការណ៍ ទាំងផ្នែកសីលធម៌ និងផ្លូវច្បាប់ ដើម្បីសុំឲ្យមានកាយវិការផ្តល់ឲ្យ មិនត្រូវបានអនុវត្តទេនោះ យើងនឹងទាមទារឲ្យប្រគល់ព្រែកជីកប៉ាណាម៉ាត្រលប់មកយើងវិញទាំងស្រុង និងដោយគ្មានការសង្ស័យ»៕