ក្រុមប្រឹក្សាក្រុង Misrata និងក្រុមអឌ្ឍចន្ទក្រហមក្រុង Misrata របស់ប្រទេសលីប៊ី កាលពីថ្ងៃពុធម្សិលមិញ បានចាប់ផ្តើមផ្ទុកជំនួយមនុស្សធម៌លើកដាក់លើនាវាទី ២ ដែលមានគោលដៅធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ។
គ្រឿងផ្គត់ផ្គង់ជាស្បៀងអាហារ ភួយ និងឱសថទម្ងន់ប្រហែល ៤ពាន់តោន ត្រូវបានគេរំពឹងថា នឹងផ្ទុកពេញនាវានៅថ្ងៃសៅរ៍ ទី ៨ ខែមករាខាងមុខនេះ ពេលដែលដំណើរការផ្ទុកបានបញ្ចប់ ហើយនាវានឹងចេញដំណើរនៅថ្ងៃអាទិត្យ ទៅកាន់កំពង់ផែ Al-Arish របស់ប្រទេសអេហ្ស៊ីប ។

ពេលដែលការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាបានផ្អាក ជនប៉ាឡេស្ទីន បានអំពាវនាវឲ្យមានជំនួយបន្ទាន់ទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ចាប់ពីគ្រឿងចក្រធន់ធ្ងន់ ដើម្បីបោសសម្អាតគំនរបាក់បែក រហូតដល់សំពត់តង់ និងផ្ទះចល័ត ដើម្បីផ្តល់ជាកន្លែងស្នាក់នៅដល់មនុស្សគ្មានផ្ទះសម្បែង ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ។
មន្រ្តីមួយរូបមកពីអាជ្ញាធរប៉ាឡេស្ទីន បានប៉ាន់ប្រមាណថា ការផ្តល់មូលនិធិបន្ទាន់ ត្រូវការថវិកា ៦,៥ពាន់លានដុល្លារ សម្រាប់ការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នដល់ជនប៉ាឡេស្ទីនជាង ២លាននាក់ មុនពេលការងារធំក្នុងការកសាងរយៈពេលយូរតំបន់មួយនេះឡើងវិញ ចាប់ផ្តើម ។
រូបភាពផ្កាយរណបដែលត្រូវបានវិភាគដោយអង្គការសហប្រជាជាតិ(UN)បង្ហាញថា ជាងពាក់កណ្តាលនៃដីកសិកម្មក្នុងតំបន់ហ្កាហ្សា ដែលសំខាន់សម្រាប់ចិញ្ចឹមជីវិតពលរដ្ឋដ៏ច្រើននៅក្នុងដែនដីខ្ទេចខ្ទាំដោយសារសង្រ្គាមមួយនេះ ត្រូវបានបំផ្លិចបំផ្លាញដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕


