ស៊ូដង់៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានរិះគន់ចំណាត់ការថ្មីរបស់មេដឹកនាំរដ្ឋប្រហារប្រទេសស៊ូដង់ ក្នុងការក្ដោបក្ដាប់អំណាចយោធាដែលជាការសម្រេចជាឯកតោភាគី ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្តារដំណើរការនៃការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ។

ឧត្ដមសេនីយ៍លោក Abdel-Fattah Burhan បានតែងតាំងក្រុមប្រឹក្សាអធិបតេយ្យថ្មីរយៈពេលត្រឹមតែជាង ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការដឹកនាំរដ្ឋប្រហារ។ លោកបានតែងតាំងខ្លួនលោកឡើងវិញជាប្រធានក្រុមប្រឹក្សាដែលមានសមាជិក ១៣រូប និងបានតែងតាំងមេដឹកនាំយោធាប៉ារ៉ាដ៏មានឥទ្ធិពលលោក Mohammed Hamdan Dagalo ជាអនុប្រធាន។ កាលពីថ្ងៃសុក្រលោក Burhan និងសមាជិកច្រើននាក់ទៀតបានស្បថចូលកាន់តំណែង នៅក្នុងពិធីដែលត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ សមាសភាពថ្មីរបស់ក្រុមប្រឹក្សានេះមិនរាប់បញ្ចូលសមាជិកស៊ីវិល ៤រូបនៃក្រុមប្រឹក្សាចាស់ ដែលស្ថិតនៅក្នុងអង្គភាពកងកម្លាំងសម្រាប់ការប្រកាសសេរីភាព និងការផ្លាស់ប្តូរ ជាក្រុមសំខាន់ដឹកនាំការបះបោរដែលឈានដល់ការផ្ដួលរំលំមេដឹកនាំផ្តាច់ការលោក Omar al-Bashir។ កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសបានច្រានចោលចំណាត់ការរបស់លោក Burhan ថាជាទង្វើខុសច្បាប់ ហើយបានបន្តការអំពាវនាវរបស់ពួកគេឱ្យធ្វើបាតុកម្មទូទាំងប្រទេសនៅថ្ងៃសៅរ៍នេះ៕
អត្ថបទ៖ ប៊ុនថន