ស្វាយរៀង ៖ ស្រូវវស្សាដើមរដូវជាង២ម៉ឺនហិកតា ត្រូវបានកសិករនៅស្វាយរៀង ធ្វើការប្រមូលទុកដាក់ជាបណ្ដើរៗហើយ បន្ទាប់ពីក្រុមកសិករ នៅតំបន់ទំនាបមួយចំនួនក្នុងស្រុកកំពង់រោទ៍ ចន្ទ្រា និងស្រុកស្វាយជ្រំ បានចាប់ផ្តើមធ្វើស្រែប្រដេញទឹក និងស្រែប្រាំង ។
លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំនេះ ក្រុមកសិករនៅក្នុងស្រុកមួយចំនួនរបស់ខេត្ត បានចាប់ផ្ដើមធ្វើការប្រមូលផលស្រូវដើមរដូវ បានចំនួនជាង២ម៉ឺនហិកតា ក្នុងចំណោមស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ចំនួន ១៦៧ពាន់៥០០ហិកតា ដោយទទួលបានទិន្នផលចន្លោះ២ទៅ៣តោនក្នុងមួយហិកតា ។
លោកបន្តថា បើទោះជាព្រះរាជាណាចក្រកម្ពុជា បានរងឥទ្ធិពលនៃជំងឺកូវីដ១៩ បានញាំញីទៅលើសុខភាពរបស់ពលរដ្ឋ រួមនឹងទីផ្សារស្រូវ បានធ្លាក់ចុះបន្តិចក្តី តែការងារបង្កបង្កើនផលស្រូវរបស់កសិករនៅស្វាយរៀង ឆ្នាំនេះសម្រេចបាន១០១ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ខណៈទឹកភ្លៀងបានបង្ហុរ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រពផ្ទៃដីកសិកម្មមាននៅពាសពេញខេត្ត។
លោក សំ សុន កសិកររស់នៅភូមិប្រចន្រ្ទា ឃុំបន្ទាយក្រាំង ស្រុកស្រុកកំពង់រោទិ៍ បានបញ្ជាក់ថាការងារប្រមូលផលស្រូវស្រាលរបស់គ្រួសារគាត់នៅដើមរដូវវឆ្នាំនេះ ទទួលបានទិន្និផលល្អប្រសើរ បើប្រៀបធៀបទៅនិងឆ្នាំមុន ឯទីផ្សាស្រូវនៅឆ្នាំនេះ ក៏មានភាពល្អប្រសើរណាស់ដែរ ដោយរាជរដ្ឋាភិបាលបានសម្របសម្រួលឲ្យឈ្មួញកម្ពុជា វៀតណាម ធ្វើការផ្លាស់ប្តូរទំនិញកសិផលទាន់ពេលវេលាដែរ ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែល ទទួលបានតាមសារតេឡេក្រាម បានបញ្ជាក់ថា ស្រូវប្រភេទអ៊ីអែរសើម កសិករដឹកទៅលក់ដល់តំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងស្រុកកំពង់រោទ៍ ឈ្មួញវៀតណាម ឲ្យតម្លៃស្រូវក្នុងមួយគីឡូក្រាមចន្លោះពី ៧០០រៀលទៅ ៨០០ រៀលតាមស្រូវល្អ និងស្រូវមិនសូវល្អ និងប្រភេទស្រូវក្រអូបវិញ ឈ្មួញឲ្យតម្លៃចន្លោះពី១ពាន់១០០រៀល ទៅ១ពាន់ ៣០០រៀលក្នុង ១គីឡូក្រាមបើប្រៀបធៀបទៅនឹងឆ្នាំមុន ឆ្នាំនេះស្រូវមានតម្លៃល្អជាងឆ្នាំមុនបន្តិច ៕
អត្ថបទ ៖ សារិទ្ធ



