សហជីពកម្មកររដ្ឋាភិបាលអាមេរិកដ៏ធំបំផុត និងសមាគមបុគ្គលិកបម្រើការបរទេស បានប្តឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលការរុះរើយ៉ាងចាស់ដៃ និងការកាត់ថវិកាលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

បណ្ដឹងនេះត្រូវបានដាក់នៅតុលាការសហព័ន្ធក្រុងវ៉ាស៊ីនតោន ដោយសហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក AFGE និងសមាគមសេវាបរទេសអាមេរិក AFSA ដោយស្វះស្វែងរកការទប់ស្កាត់នូវអ្វីដែលខ្លួននិយាយថាជា "សកម្មភាពមិនស្របតាមរដ្ឋធម្មនុញ្ញ និងខុសច្បាប់" ដែលបានបង្កើត "វិបត្តិមនុស្សធម៌សកល"។

សកម្មភាពទាំងនោះរួមមានបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃទី២០ ខែមករា ក្នុងការផ្អាកជំនួយបរទេសទាំងអស់ និងការកាត់ថវិការបស់សហរដ្ឋអាមេរិក។ បន្ទាប់មកគឺការអនុវត្តតាមបញ្ជាពីក្រសួងការបរទេស ដែលបញ្ឈប់គម្រោង USAID ជុំវិញពិភពលោក បិទប្រព័ន្ធកុំព្យូទ័ររបស់ទីភ្នាក់ងារ ហើយបុគ្គលិកត្រូវបានបញ្ឈប់ភ្លាមៗ ឬដាក់ឱ្យឈប់សម្រាក។

វិធានការរបស់លោក Trump ជុំវិញរឿងនេះក៏បណ្ដាលឱ្យមានការរុញច្រានប្រឆាំង និងការតវ៉ាជាច្រើនផងដែរ ខណៈកិច្ចប្រឹងប្រែងពិភលោកក្នុងការកាត់បន្ថយភាពអត់ឃ្លានត្រូវបានបំផ្លាញដោយសារការផ្អាកជំនួយនេះ៕