ក្រសួងការពារជាតិបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន កំពុងបន្តប្រតិបត្តិការប្រឆាំងនឹងអតីតកងកម្លាំងនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អា សាដ ( Bashar al-Assad) ដែលត្រូវបានបណ្តេញចេញអំណាច និងក្រុមអ្នកជួញដូរគ្រឿងញៀន នៅតាមព្រំដែនស៊ីរី-លីបង់។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកតាមដានសង្រ្គាម បានឲ្យដឹងថា យោធាក៏បានដាក់ពង្រាយអាវុធធុនធ្ងន់ និងយានដ្រូន ដើម្បីកម្ចាត់ក្រុមយុទ្ធជន ដែលជាប់ពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធ ហេសបូឡា នៅប្រទេសលីបង់ និងក្រុមជួញដូរគ្រឿងញៀន។
យោធាបានកំណត់គោលដៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងភូមិ Hawik ក្នុងខេត្ត Homs ភាគ កណ្តាល ដោយកាំភ្លើងធំ ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស និងការចាប់ខ្លួនយុទ្ធជនទាំងសងខាង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានបន្ថែមថា ការវាយលុកនេះ បានបន្តធ្វើឡើងទៅលើភូមិនានា នៅព្រំដែន និងតំបន់ដែលពិបាកទៅដល់មួយចំនួន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចម្នាក់ ស្លាប់។
នៅក្នុងព័ត៌មានបច្ចុប្បន្នភាពមួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត Homs បានបញ្ជាក់ថា កងកម្លាំងសន្តិសុខ បានបើកប្រតបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីបិទផ្លូវរត់ពន្ធអាវុធខុសច្បាប់ និងរបស់របរប្រើប្រាស់ដែលត្រូវហាមឃាត់មិនឲ្យនាំចូល ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ដែលគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសស៊ីរី និងលីបង់។
យោងតាមការិយាល័យនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរស៊ីរី បានឃាត់ខ្លួនបុគ្គលជាច្រើននាក់ ដែលសង្ស័យថា បានរត់ពន្ធ និងរឹបអូសអាវុធជាច្រើនប្រភេទ និងរបស់របរប្រើប្រាស់ ដែលត្រូវហាមឃាត់មិនឲ្យនាំចូល។