មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ បានលើកឡើងថា បទពិសោធន៍ បានបង្ហាញថា ការចរចាជាមួយសហរដ្ឋអាមេរិក «ពុំមែនជារឿងឆ្លាតវៃ ប្រកបដោយប្រាជ្ញា ឬមានកិត្តិយសនោះឡើយ»។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរដែលត្រូវបានផ្ទៀងផ្ទាត់ជាមួយទីក្រុងតេអេរ៉ង់។
អំឡុងអាណត្តិមុនរបស់លោក ក្នុងឆ្នាំ២០១៨ លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ជាមួយប្រទេសមហាអំណាច ហើយបានដាក់ទណ្ឌកម្មឡើងវិញដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
វិធានការដ៏តឹងរ៉ឹងនោះ បានជំរុញឲ្យក្រុងតេអេរ៉ង់បំពានលើការកម្រិតកម្មវិធីនុយក្លេអ៊ែររបស់កតិកាសញ្ញានេះ។ ហើយការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានកើតមានឡើងបន្ទាប់ពីនៅថ្ងៃពុធនោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រាប់សាព័ត៌មាន Reuters ថា សារធារណរដ្ឋឥស្លាមត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ឱកាសឲ្យសហរដ្ឋអាមេរិកដោះស្រាយជម្លោះនេះ៕