ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានគូសវាសលើផែនទីដែលធ្លាប់ជាឯកសារសម្ងាត់មួយនៃរ៉ែកម្រ និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត អំឡុងពេលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជំរុញឱ្យលោក Donald Trump ធ្វើកិច្ចព្រមព្រៀងមួយដោះដូរជំនួយសន្តិសុខ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Trump ដែលរដ្ឋបាលរបស់លោកកំពុងជំរុញឱ្យបញ្ចប់សង្រ្គាមអ៊ុយក្រែនយ៉ាងឆាប់រហ័សជាមួយរុស្ស៊ី បានលើកឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា លោកចង់ឱ្យអ៊ុយក្រែន ផ្គត់ផ្គង់រ៉ែកម្រដល់សហរដ្ឋអាមេរិក និងរ៉ែផ្សេងទៀត ជាថ្នូរនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។

លោក Zelenskiy និយាយថា "ប្រសិនបើចង់បានកិច្ចព្រមព្រៀងមួយ នោះអ៊ុយក្រែនអាចនឹងធ្វើកិច្ចព្រមព្រៀងបាន" ដោយសង្កត់ធ្ងន់លើតម្រូវការរបស់ទីក្រុងគីវ សម្រាប់ការធានាសន្តិសុខពីសម្ព័ន្ធមិត្ត ដែលជាផ្នែកនៃដំណោះស្រាយបញ្ចប់សង្រ្គាមណាមួយ។
អ៊ុយក្រែន បានបង្ហើបកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនទៅលើគំនិតដែលថា ខ្លួនបើកចំហចំពោះការជីកយករ៉ែសំខាន់ៗសម្រាប់ការវិនិយោគពីសម្ព័ន្ធមិត្ត ខណៈទីក្រុងគីវ បានបង្ហាញពី "ផែនការជ័យជម្នះ" ដែលព្យាយាមដាក់ខ្លួនឯងនៅក្នុងទីតាំងដ៏រឹងមាំបំផុតសម្រាប់ការពិភាក្សា និងបង្ខំឱ្យទីក្រុងមូស្គូ ចូលតុចរចាបញ្ចប់សង្រ្គាម៕


