ប្រណាំងរថយន្ត៖ ជើងឯក F1 ពិភពលោក ៧សម័យ Lewis Hamilton បានយកឈ្នះការប្រកួតដ៏អស្ចារ្យនៅប្រេស៊ីល ដើម្បីបន្តប្រដេញពិន្ទុក្នុងតារាងជើងឯកពិភពលោកជាមួយកីឡាករហូឡង់ Max Verstappen។ ថ្វីបើមិនមានសប្តាហ៍ដ៏ល្អនៅវគ្គជំរុះការប្រណាំង Sprint Race កាលពីថ្ងៃសៅរ៍តែកីឡាកររបស់ក្រុម Mercedes រូបនេះបានកែប្រែសប្តាហ៍នៅប្រេស៊ីលរបស់ខ្លួនយ៉ាងល្អនៅថ្ងៃអាទិត្យ ទោះបីចេញដំណើរនៅទីតាំងលេខ ១០ ក៏ដោយ។

ទីលាន Sao Paulo ប្រទេសប្រេស៊ីលអាចនិយាយបានថា ជាទីលានចំនូលចិត្តមួយសំរាប់កីឡាករអង់គ្លេសរូបនេះ ពោលគឺការវ៉ាជែងដ៏អស្ចារ្យតាំងពីលេខ ១០ ឡើងមកនាំមុខគេវិញនៅពេលសល់ ១២ជុំចុងក្រោយ។ នេះជាជ័យជំនះទី ១០១ ទីលានសំរាប់ Lewis Hamilton ក្នុងអាជីព F1 របស់គេ ខណៈជ័យជំនះនៅប្រេស៊ីលនេះធ្វើឱ្យកីឡាករវ័យ ៣៦ឆ្នាំរូបនេះដេញពីក្រោយ Max Verstappen តែ ១៤ពិន្ទុប៉ុណ្ណោះបន្ទាប់ពីកីឡាកររបស់ Red Bull រូបនេះបានត្រឹមលេខ ២ នៅប្រេស៊ីលនេះតាមពីក្រោយដោយ Valtteri Bottas របស់ Mercedes លេខ ៣។ សូមបញ្ជាក់ថា F1 រដូវកាល ២០២១ នេះនៅសល់ការប្រកួតតែ ៣ទីលានទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល រួមមាននៅកាតាចុងសប្តាហ៍នេះ អារ៉ាប៊ីសាអ៊ូឌីតថ្ងៃទី៥ ខែធ្នូ និងចុងក្រោយនៅអារ៉ាប់រួមថ្ងៃទី១២ ខែធ្នូ៕
អត្ថបទ៖នាង សុភាវុធ