ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈថា ពួកគេបានធ្វើប្រតិបត្តិការរួមគ្នាប្រព័ន្ធអគ្គិសនីដោយជោគជ័យទៅរកបណ្តាញអគ្គិសនីទ្វីបអឺរ៉ុបវិញ មួយថ្ងៃបន្ទាប់ពីបានផ្តាច់ទំនាក់ទំនងថាមពលដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសរុស្ស៊ី និងបេឡារុស។

ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រីUrsula von der Leyen បានសាទរចំពោះចំណាត់ការនេះ ជាច្រើនឆ្នាំនៅក្នុងផែនការ ដោយលើកឡើងពីយុគសម័យថ្មីនៃសេរីភាពសម្រាប់តំបន់នៅក្នុងសុន្ទរកថាក្នុងពិធីមួយនៅទីក្រុង Vilnius ជាមួយមេដឹកនាំប្រទេសទាំងបី។

ក្រោយផ្តាច់ទំនាក់ទំនង កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ពីបណ្តាញ IPS/UPS ដែលត្រូវបានបង្កើតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយបច្ចុប្បន្ននេះដំណើរការដោយប្រទេសរុស្ស៊ី បណ្តាប្រទេសតំបន់សមុទ្របាល់ទិក បានកាត់ផ្តាច់ការបញ្ជូនថាមពលខ្ពស់ឆ្លងព្រំដែននៅភាគខាងកើតប្រទេសឡាតវី ដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីព្រំដែនរុស្ស៊ី។
តំបន់សមុទ្របាល់ទិក ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការដាច់ខ្សែកាបថាមពល បណ្តាញទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័នរវាងតំបន់សមុទ្របាល់ទិក និងប្រទេសជិតខាងស៊ុយអែត និងហ្វាំងឡង់។
ទាំងអស់នេះ ត្រូវបានគេជឿថាបង្កឡើងដោយនាវា ដែលបានអូសយុថ្កានៅបាតសមុទ្រ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ី បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ។