ការិយាល័យរដ្ឋអាជ្ញាយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរកុងហ្គោ នឹងដាក់ទោសទាហានយ៉ាងហោចណាស់ ៧៥នាក់នៅថ្ងៃចន្ទ (១០ កុម្ភៈ) នេះ សម្រាប់ការរត់ចោលជួរចេញពីការវាយរុលរបស់ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ្វ៉ាន់ដា ចូលទៅក្នុងខេត្តភាគខាងកើត Kivu និងសម្រាប់ការប្រព្រឹត្តអំពើហិង្សាលើជនស៊ីវិល រួមទាំងការសម្លាប់ និងការលួចប្លន់។

អង្គការសហប្រជាជាតិ បានរាយការណ៍ពីការរំលោភបំពានជាច្រើន រួមទាំងការប្រហារជីវិត ការចាប់រំលោភបូក និងទាសភាពផ្លូវភេទ បន្ទាប់ពីការវាយរុលដ៏ធំរបស់ក្រុម M23 នៅចុងខែមករា ដែលនាំទៅដល់ការដណ្ដើមយកទីក្រុង Goma ដ៏ធំបំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភាគខាងកើត។
កុងហ្គោ មិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាក់ទងនឹងកងទ័ពរបស់ខ្លួនទេ ប៉ុន្តែបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ស៊ើបអង្កេតការរំលោភបំពានដែលខ្លួនស្តីបន្ទោសលើក្រុមឧទ្ទាម M23 និងរ្វ៉ាន់ដា។ ប្រទេសរ្វ៉ាន់ដា ដែលបដិសេធមិនគាំទ្រក្រុមនេះ បានច្រានចោលការទទួលខុសត្រូវណាមួយលើហិង្សាក្នុងជម្លោះនោះ។

ទាហាន ៧៥នាក់ ដែលកំពុងប្រឈមមុខនឹងការកាត់ទោស ត្រូវបានចាប់ខ្លួនពីបទរត់ចេញពីជួរមុខ បន្ទាប់ពីកងកម្លាំង M23 ដណ្ដើមបានទីប្រជុំជន Nyabibwe ថ្មីមួយទៀត។ ការិយាល័យរដ្ឋអាជ្ញាយោធាបានប្រាប់សារព័ត៌មានរ៉យទ័រថា ទាហានទាំងនោះត្រូវបានគេចោទប្រកាន់ពីបទរំលោភ សម្លាប់ ប្លន់ និងការប្រឆាំងបញ្ជា៕