កំពង់ធំ ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹក រងកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារថ្មីទៀត ដែលរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់នៅ និងដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល អត្រាឆ្លង និងការទទួលមរណភាពមានការថយចុះ ដោយសារពលរដ្ឋស្ទើរទាំងអស់ បានចាក់វ៉ាក់សាំង ដូច្នេះរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសជាតិឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ ដោយតម្រូវឲ្យពលរដ្ឋទាំងអស់រៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារ និង៣កុំ កុំបីមានការធ្វេសប្រហែសឡើយ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីត យុទ្ធជនទាំងអស់ ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់ និងគោរពច្បាប់។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និង ក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានផ្ដល់តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានដូច ជាអង្ករ ២៥គីឡូក្រាម មី ទឹកត្រី និងត្រីខកំប៉ុង សម្រាប់ជួយដោះស្រាយបញ្ហាជីវភាពបានមួយគ្រាផងដែរ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនបានដឹង មិនបានដោះស្រាយនោះឡើយ៕
អត្ថបទ៖ លី សាងស៊ីន




