ចៅក្រមសហព័ន្ធ នៅរដ្ឋ New Mexico (ញូវម៉ិកស៊ិកកូ) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី៩ ខែកុម្ភៈ) បានចេញដីកាហាមឃាត់ទុកជាមុន ដើម្បីរាំងខ្ពប់រដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឲ្យបញ្ជូនបុរសជាជនជាតិវេណេហ៊ុយអេឡា ៣នាក់ ដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋនេះ ទៅមូលដ្ឋានយោធា នៅ Guantanamo Bay (ហ្ក័នតាណាម៉ូ បេ) នៅប្រទេសគុយបា។
បើយោងតាមលោក Baher Azmy មេធាវីតំណាងឲ្យជនទាំងនោះ បានឲ្យដឹងថា លោកចៅក្រម Kenneth Gonzales នៃតុលាការតំបន់របស់សហព័ន្ធ ប្រចាំរដ្ឋ New Mexico បាននិយាយក្នុងអំឡុងសវនាការតាមវីដេអូមួយថា លោកកំពុងចេញដីកានេះ។
តុលាការមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ។ ឯកសារតុលាការដែលបញ្ជាក់ពីចំណាត់ការរបស់លោក Gonzales មិនអាចរកបានទេ កាលពីល្ងាចថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា បុរសទាំងនោះ មានសំណុំរឿងដែលមិនទាន់ត្រូវបានសម្រេច នៅចំពោះមុខតុលាការសហព័ន្ធក្នុងរដ្ឋ New Mexico ជាការប្រឈមនឹងអ្វីដែលពួកគេនិយាយថា ការឃុំខ្លួនពួកគេរយៈពេលយូរដោយខុសច្បាប់ បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីស្វែងរកការការពារ នៅសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីចុងខែមករាថា រដ្ឋបាលរបស់លោកគ្រោងនឹងបង្កើតទីកន្លែងផ្ទុក ដែលអាចដាក់ជនអន្តោប្រវេសន៍រហូតដល់ ៣០.០០០នាក់ នៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាពន្ធនាគារសុវត្ថិភាពខ្ពស់ដាច់ដោយឡែក ដែលប្រើសម្រាប់ឃុំជនសង្ស័យភេរវករបរទេស៕