ប្រធានអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានស្វាគមន៍ដល់ ការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសលីបង់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថាប័នអន្តរជាតិ ចំពោះ «បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពនយោបាយ»របស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងថា៖«អង្គការសហប្រជាជាតិទន្ទឹងរង់ចាំធ្វើការ ក្នុងភាពជាដៃគូជិតស្និទ្ធ ជាមួយរដ្ឋាភិបាលថ្មីលើអាទិភាពរបស់ខ្លួន រួមទាំងការបង្រួបបង្រួមឲ្យការបញ្ឈប់អរិភាពនេះ»។
លោក Dujarric បានសំដៅទៅលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសលីបង់ និងអ៊ីស្រាអែល ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ដោយយោធារបស់ទីក្រុងបេរូត ( Beirut) នឹងត្រូវដាក់ពង្រាយនៅភាគខាងត្បូងរបស់ប្រទេសនេះ រួមជាមួយនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលដែលអ៊ីស្រាអែល ដកកងទ័ពចេញពីតំបន់ទាំងនោះ ក្នុងរយៈពេល ៦០ថ្ងៃ។
ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលមានឥទ្ធិពលយូរមកហើយ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បានធ្វើឲ្យក្រុមនេះ ចុះខ្សោយ ដោយបានជួយនាំរដ្ឋាភិបាលលីបង់ថ្មី ឡើងកាន់អំណាច បន្ទាប់ពីអាជ្ញាធរចាំផ្ទះគ្រប់គ្រងប្រទេសនេះ រយៈពេលជិត ២ឆ្នាំ។