ប្រធានាធិបតី លោក Donald Trump និយាយថា លោកបានណែនាំឲ្យក្រសួងរតនាគារបញ្ឈប់ធ្វើប្រាក់កាក់ថ្មី ដោយលើកឡើងពីការចំណាយថ្លៃដើមច្រើន សម្រាប់ការផលិតកាក់មួយសេន។
តាមរយៈការបង្ហោះ កាលពីយប់ថ្ងៃអាទិត្យ (ទី៩ ខែកុម្ភៈ) នៅលើគេហទំព័រ Truth Social របស់លោកលោក Trump បានសរសេរថា៖ «អស់រយៈពេលជាយូរណាស់មកហើយ សហរដ្ឋអាមេរិក បានផលិតប្រាក់កាក់ដែលមានតម្លៃចំណាយជាក់ស្ដែងថ្លៃជាង ២សេន។ អីក៏ខ្ជះខ្ជាយម្ល៉េះ!។ ខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិករបស់ខ្ញុំឈប់ផលិតប្រាក់កាក់ថ្មី»។
នេះគឺជាចំណាត់ការចុងក្រោយបំផុតរបស់លោក Trump ពោលគឺអ្វីដែលជាកិច្ចប្រឹងប្រែងយ៉ាងឆាប់រហ័សដោយរដ្ឋបាលថ្មីរបស់លោក ដើម្បីអនុម័តការផ្លាស់ប្តូរយ៉ាងទូលំទូលាយ តាមរយៈក្រឹត្យ និងការប្រកាស អំពីបញ្ហានានា រាប់ចាប់ពីអន្តោប្រវេសន៍ រហូតដល់យេនឌ័រ និងភាពចម្រុះ រួមទាំងបញ្ហាឈូងសមុទ្រម៉ិកស៊ិក។
ក្នុងឆ្នាំសារពើពន្ធ ២០២៤ ដែលបានបញ្ចប់ក្នុងខែកញ្ញា ការរិយាល័យទទួលបន្ទុកធ្វើប្រាក់កាក់របស់ក្រសួងរតនាគារអាមេរិក បានរាយការណ៍ពីការខាតបង់ចំនួន ៨៥,៣លានដុល្លារ ជុំវិញការផលិតកាក់ជិត ៣,២ពាន់លានកាក់។ កាក់នីមួយៗ ចំណាយជិត ០,០៣៧ដុល្លារ ដោយឡើងពីតម្លៃ ០,០៣១ដុល្លារ កាលពីឆ្នាំមុន៕