លោក Elon Musk បានអំពាវនាវឲ្យបិទវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន២ ដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអះអាងថា អង្គភាពទាំងនេះលែងសំខាន់ទៀតហើយ។
លោក Musk បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងការបង្ហោះនៅលើបណ្ដាញសង្គម X របស់លោក Richard Grenell បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបេសកកម្មពិសេស ដែលបានរិះគន់បណ្តាញផ្សព្វផ្សាយទាំងនេះថា ជាប្រព័ន្ធផ្សព្វផ្សាយដែលទទួលមូលនិធិពីអ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែយកទៅគាំទ្រ «ពួកសកម្មជនឆ្វេងនិយម» ពោលគឺមិនមែនបម្រើនិន្នាការនយោបាយបែបអព្យាក្រឹត្យនោះឡើយ។
លោក Grenell បានសរសេរថា៖ «នេះគឺជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ អង្គភាពទាំងនេះ គឺហួសសម័យហើយ។ យើងមិនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលទទួលប្រាក់ពីរដ្ឋាភិបាលទៀតទេ»។
លោក Musk បានយល់ស្របជាមួយនឹងការលើកឡើងនោះ ដោយសរសេរបង្ហោះថា៖ «មែនហើយ បិទពួកវា (វិទ្យុផ្សាយសំឡេងទាំងនោះ)»។ លោកបានបន្តអះអាងថា អង្គភាពទាំងនោះ «គ្រាន់តែជាក្រុមមនុស្សឆ្វេងនិយមដែលនិយាយពីខ្លួនឯង ខណៈកំពុងបំផ្លាញលុយអ្នកបង់ពន្ធអាមេរិក ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ»។
គួរបញ្ជាក់ថា RFE/RL និង VOA ដំណើរការនៅក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហើយត្រូវបានបង្កើតឡើងដំបូង ដើម្បីទប់ទល់នឹងការឃោសនា អំឡុងសម័យសង្គ្រាមត្រជាក់។
នៅមុននេះ រដ្ឋបាលរបស់លោក Donald Trump បានស្វែងរកការកាត់បន្ថយការផ្តល់មូលនិធិ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលគាំទ្រដោយរដ្ឋាភិបាល និងកម្មវិធីជំនួយបរទេស ជាចំណាត់ការមួយដែលត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់គណបក្សប្រជាធិបតេយ្យ នៅក្នុងសភា៕