ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានព្រមានប្រធានាធិបតីអាមេរិកលោក Donald Trump កុំពង្រីកគោលនយោបាយគាំពារនិយម ហើយជំរុញឱ្យជៀសវាងការដុតបញ្ឆេះភាពតានតឹងក្លាយជាសង្រ្គាមពាណិជ្ជកម្ម ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គ័រ ចាឃុន ( Guo Jiakun) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថាពុំមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមដំឡើងពន្ធនេះទេ។

ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងការប្រកាសរបស់លោក Trump ចំពោះការដំឡើងពន្ធ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់។
លោក Trump បានអនុម័តការដំឡើងពន្ធបន្ថែម ១០% លើការនាំចូលរបស់ចិនរួចហើយ ដោយលើកឡើងពីលំហូរនៅតែបន្តនៃគ្រឿងញៀនហ្វង់តានីល (fentanyl) ទៅកាន់សហរដ្ឋអាមេរិកតាមរយៈម៉ិកស៊ិក និងកាណាដា។
ជាការសងសឹក ប្រទេសចិនបានដំឡើងពន្ធតបវិញរហូតដល់ ១៥% លើការនាំចូលរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើវិស័យថាមពល និងឧបករណ៍កសិកម្ម ជាចម្បង ដែលបានចូលជាធរមានកាលពីថ្ងៃចន្ទទី១០ខែកម្ភៈសប្ដាហ៍នេះ។
ទោះលោក Trump បានផ្តល់ការបន្ធូរបន្ថយការដំឡើងពន្ធរយៈពេលមួយខែដល់ប្រទេសកាណាដា និងម៉ិកស៊ិក ក៏ដោយ ក៏លោកបានបន្តការដំឡើងពន្ធលើការនាំចូលរបស់ចិនដែរ ដោយគ្មានសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។
យោងតាមរបាយការណ៍មួយរបស់សារព័ត៌មាន Financial Times ក្រុមអ្នកជំនាញនៅទីក្រុងប៉េកាំងជឿជាក់ថា ការពិភាក្សាអាចជាប់គាំងដោយសារតែលោក Trump កំពុងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជាការដាក់សម្ពាធលើរុស្ស៊ីជុំវិញការវាយលុកលើអ៊ុយក្រែន និងឬការប្រគល់កម្មសិទ្ធិលើវេទិកាវីដេអូខ្លី TikTok ទៅឲ្យអ្នកទិញជនជាតិអាមេរិក យ៉ាងណា លោក Elon Musk បាននិយាយថា លោកពុំមានគម្រោងទិញ TikTokទេ៕