ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួនពីរលាននាក់ ដែលនឹងតាំងទីលំនៅថ្មីនៅក្នុងប្រទេសជិតខាង នៅក្រោមផែនការរបស់លោកក្នុងការកាន់កាប់ និងសាងសង់តំបន់ហ្កាហ្សាស្ទ្រីបឡើងវិញ នឹងមិនមានសិទ្ធិត្រឡប់ទៅតំបន់ហ៊ុមព័ទ្ធនោះវិញឡើយ។

លោក Trump បានប្រាប់ទូរទស្សន៍ Fox News ថា "ទេ ពួកគេនឹងមិនមានសិទ្ធត្រឡប់ទៅវិញទេ ពីព្រោះពួកគេនឹងមានលំនៅដ្ឋានកាន់តែប្រសើរជាងនោះ ដោយសារតែមានការកសាងកន្លែងអចិន្ត្រៃយ៍សម្រាប់ពួកគេស្នាក់នៅ"។

វីដេអូកិច្ចសម្ភាសន៍នោះត្រូវបានចេញផ្សាយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump បាននិយាយថា លោក "បានប្តេជ្ញាចិត្តក្នុងការទិញយក និងកាន់កាប់តំបន់ហ្កាហ្សា" ទោះបីជាមានការថ្កោលទោសជាសកលចំពោះផែនការដែលលោកបានបង្ហាញកាលពីសប្តាហ៍មុននេះក៏ដោយ។
អាជ្ញាធរប៉ាឡេស្ទីន និងក្រុមប្រដាប់អាវុធហាម៉ាស ដែលសង្រ្គាមរយៈពេលជិត ១៦ខែជាមួយអ៊ីស្រាអែល បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្កាហ្សា បានរំលឹកឡើងវិញថា ទឹកដីប៉ាឡេស្ទីន "មិនមែនសម្រាប់លក់ទេ"។ ចំណែកលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសរសើរផែនការលោក Trump ថាជាគំនិត "បដិវត្តន៍ និងច្នៃប្រឌិត"។
អង្គការសហប្រជាជាតិបានព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនស៊ីវិលពីទឹកដីកាន់កាប់ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្រោមច្បាប់អន្តរជាតិ និង "ស្មើនឹងការបោសសម្អាតជនជាតិភាគតិច"៕