បើយោងតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធ បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីយន្តហោះ Bombardier Learjet 35A បានរអិលចេញពីផ្លូវរត់ ក្រោយចុះចតនៅអាកាសយានដ្ឋាន Scottsdale ហើយបានទៅបុកជាមួយយន្តហោះពាណិជ្ជកម្ម Gulfstream 200 ដែលចតនៅលើដីរបស់ក្រុមហ៊ុនឯកជន។

ក្រោយមានឧបទ្ទវហេតុនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ជាក់ផងដែរថា ជើងហោះហើរនេះ គឺមកពីទីក្រុង Austin រដ្ឋ Texas ទីក្រុង Scottsdale បានឲ្យដឹងថា៖ «យោងតាមរបាយការណ៍បឋម ឧបករណ៍ចុះចតដ៏សំខាន់ខាងឆ្វេងរបស់យន្តហោះ Learjet បានគាំង នៅពេលចុះចត ទើបនាំឲ្យមានការបុកគ្នានេះ»។

បើយោងតាមអាកាសយានដ្ឋាន Scottsdale បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២ និង៤៥នាទីរសៀល (ម៉ោងក្នុងស្រុក) នៅលើផ្លូវរត់លេខ២១។ ហើយបើយោងតាមអ្នកនាំពាក្យដែលបានធ្វើសន្និសីទសារព័ត៌មានពេលរសៀល ពាក់ព័ន្ធនឹងការបុកគ្នានេះ បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ដោយសារការប៉ះទង្គិចខ្លាំងពេក។ អាជ្ញាធរកំពុងធ្វើការរហូតដល់ល្ងាច ដើម្បីទាញយកសពជនរងគ្រោះ។

ពាក់ព័ន្ធនឹងអ្នករបួស អ្នកនាំពាក្យរូបនេះ បានប្រាប់ថា មនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលរបួស ក្នុងតំបន់។ លោកបានបន្ថែមថា ចំណែកមនុស្សម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ហើយអ្នកទី៤ បដិសេធមិនទទួលការព្យាបាល នៅកន្លែងកើតហេតុ។

អាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះណាម្នាក់ នៅឡើយទេ។ តែយ៉ាងណាក្ដី សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Jet Pros, LLC ដែលជាម្ចាស់របស់យន្តហោះ Gulfstream បានប្រាប់ថា មិនមានអ្នកដំណើរនៅលើយន្តហោះចតចោលរបស់ខ្លួន នៅពេលមានឧបទ្ទវហេតុនោះ៕