អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃចន្ទ បានបញ្ជាឲ្យផ្អាកប្រតិបត្តិការរបស់ទីភ្នាក់ងារ និងកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងខេត្ត Sa'ada ដែលគ្រប់គ្រងដោយក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន ដោយសារកង្វះសន្តិសុខ។

លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក ហ្គុយតឺរេស បាននិយាយថា៖«លោកអគ្គលេខាធិការ បានណែនាំភ្នាក់ងារមូលនិធិនិងកម្មវិធីរបស់អង្គការសហប្រជាជាតិ ក្នុងករណីដែលគ្មានលក្ខខណ្ឌសុវត្ថិភាព និងការធានាចាំបាច់ ឲ្យផ្អាកប្រតិបត្តិការ និងកម្មវិធីទាំងអស់ នៅក្នុងខេត្ត Sa'ada នៃប្រទេសយេម៉ែន»។

លោក Haq បានលើកឡើងថា សកម្មភាពនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការឃុំខ្លួនថ្មីៗនេះនូវបុគ្គលិកអង្គការសហប្រជាជាតិបន្ថែមចំនួន ៨នាក់ ក្នុងនោះ ៦នាក់ ដែលធ្វើការនៅក្នុងខេត្ត Sa'ada ដោយអាជ្ញាធរ ហ៊ួទី។
អ្នកនាំពាក្យរូបនេះ បានបន្តថា៖«វិធានការពិសេស និងបណ្តោះអាសន្ន ស្វែងរកតុល្យភាពនៃតម្រូវការ ក្នុងការបន្តប្រតិបត្តិការ និងផ្តល់ជាមួយនឹងតម្រូវការ ដើម្បីឲ្យមានសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន ត្រូវបានធានា»។ «ការធានាបែបនេះ ត្រូវបានទាមទារជាចំាបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង»។
លោកបាននិយាយថា ការផ្អាកនេះ គឺដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ួទី និងអង្គការសហប្រជាជាតិ ដើម្បីរៀបចំការដោះលែងបុគ្គលិកUN ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត និងធានាថា លក្ខខណ្ឌចាំបាច់ គឺនៅធរមាន ដើម្បីផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ដ៏សំខាន់ ដែលបានជំរុញដោយគោលការណ៍នៃភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព និងមនុស្សជាតិ។