កណ្ដាល៖ ការិយាល័យច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយក្នុងគោលបំណងលើកកម្ពស់គុណភាពប្រសិទ្ធភាព និងប្រសិទ្ធផលតម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកលើកដែក នាព្រឹកម៉ិញនេះថា៖ ការរិយាល័យច្រកចេញចូលស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យគោលការណ៍ប្រកាស និងលិខិតបទដ្ឋានគតិយុត្តជាធរមានត្រូវរៀបចំមន្ត្រីផ្នែកជួរមុខ និងមន្ត្រីផ្នែកជួរក្រោយសម្រាប់បំពេញការងារពេលម៉ោងឱ្យបានសមស្របទៅតាមទំហំការងារជាក់ស្ដែង។
មន្ទីរវិស័យដែលមិនទាន់ផ្ទេរសេវារដ្ឋបាល នូវប្រភេទសេវារដ្ឋបាលដែលថ្នាក់ជាតិបានប្រតិភូកម្មមកឱ្យរដ្ឋបាល ក្រុង ស្រុក តាមតារាងសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បកចុះថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តយកចិត្តទុកដាក់លើកការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមនីតិវិធីផ្ដល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញ-ចូលតែមួយ ហើយត្រូវប្រាកដថា គ្រប់ប្រភេទសេវាតាមច្រកចេញចូលតាមច្រកមានន័យថាទទួលពាក្យនៅច្រក និងផ្ដល់លទ្ធភាពលទ្ធផលសម្រេចអ្នកស្នើសុំសេវាវិញតាមច្រក ការផ្ដល់សេវារដ្ឋបាលតាម ការិយាល័យច្រកតែមួយនៃរដ្ឋបាលក្រុង-ស្រុក ត្រូវផ្អែកលើគោលការណ៍នៃការផ្ដល់សេវារដ្ឋបាលគោលការណ៍សំខាន់ៗ។
ឯកឧត្ដមបានបន្ដទៀតថា ការអនុវត្តការងាររបស់រដ្ឋបាលស្រុក ក្នុងនោះ ស្នើយកចិត្តទុកដាក់លើការអនុវត្តចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ យកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូន ប្រជាពលរដ្ឋ ហើយកិច្ចការនេះត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹម ពិសេសផ្ដោតយក ចិត្តទុកដាក់អនុវត្តនូវលក្ខណៈ សម្បត្តិទាំង៧ ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ពង្រឹងចំណងសាមគ្គីភាពឯកភាពផ្ទៃក្នុង ក្នុងរដ្ឋបាលឯកភាពដោយឈរលើឆន្ទៈបំពេញការងាររួមគ្នារួមគ្នាធ្វើរួមគ្នាដោះស្រាយ។ ស្នើដល់អាជ្ញាធរស្រុកឃុំយកចិត្តទុកដាក់គ្រប់គ្រងដីរដ្ឋ និងសម្បត្តិធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនអោយបានគង់វង្សបន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ចបន្តទៀត ពិសេសលើកកម្ពស់គុណភាពតម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវារដ្ឋបាលសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិប្បតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ៖ សៅ យ៉ាម៉ង់