ក្រុមប្រដាប់អាវុធ M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានគំរាមកំហែងកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថានឹងវាយរុលឆ្ពោះទៅកាន់ទីក្រុង Bukavu ដោយលើកឡើងពីស្ថានភាព "កាន់តែយ៉ាប់យ៉ឺនយ៉ាងគ្រោះថ្នាក់" ខណៈកុងហ្គោ បានច្រានចោលការអំពាវនាវឱ្យមានការចរចាដោយផ្ទាល់ជាមួយពួកឧទ្ទាម ស្របពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង។

ការដណ្ដើមយកក្រុង Bukavu នឹងតំណាងឱ្យការពង្រីកទឹកដីដែលមិនធ្លាប់មានពីមុនមក ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23 ហើយនិងក្លាយជាការវាយប្រហារបន្ថែមទៀតដល់អាជ្ញាធររបស់រដ្ឋធានីគីនស្ហាសា នៅភាគខាងកើតកុងហ្គោ បន្ទាប់ពីមានការដួលរលំនៃទីក្រុង Goma ដែលជាទីក្រុងធំជាងគេក្នុងតំបន់ កាលពីចុងខែមករា។

គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធ M23 បានផ្អាកការវាយសម្រុករបស់ពួកគេឆ្ពោះទៅកាន់ទីក្រុង Bukavu ដែលជាទីរួមខេត្តរបស់ South Kivu បន្ទាប់ពីបានប្រកាសបទឈប់បាញ់ជាឯកតោភាគី ដែលត្រូវបានបន្តដោយការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌពីបណ្ដាមេដឹកនាំក្នុងតំបន់ ប៉ុន្តែនៅពេលនេះភាពតានតឹងហាក់ផ្ទុះឡើងជាថ្មី។

ការប្រយុទ្ធគ្នាកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងខេត្ត South Kivu ក៏នឹងបន្ថែមការភ័យខ្លាចនៃសង្រ្គាមកាន់តែទូលំទូលាយ ដោយសារតែវត្តមានរបស់កងទ័ពប៊ូរុនឌី ដែលគាំទ្រកុងហ្គោ និងរបាយការណ៍ពីកងទ័ពរ្វ៉ាន់ដាបន្ថែមទៀត ដែលប្រមូលផ្តុំនៅព្រំដែនដើម្បីគាំទ្រក្រុម M23៕