មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ការផ្អាករបស់សហរដ្ឋអាមេរិក ចំពោះជំនួយបរទេស បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការមនុស្សធម៌ដែលកាលពីឆ្នាំមុន ត្រូវបានផ្តល់មូលនិធិ ៧០ភាគរយដោយទីក្រុងវ៉ាស៊ីនតោន។

លោក Bruno Lemarquis បាននិយាយថា នៅឆ្នាំ២០២៤ ផែនការឆ្លើយតបមនុស្សធម៌របស់ UN សម្រាប់កុងហ្គោ បានទទួលបានទឹកប្រាក់ ១,៣ពាន់លានដុល្លារ ដែលក្នុងនោះ ៩១០លានដុល្លារ បានមកពីសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកជំនួយបរទេស កាលពីខែមុន កម្មវិធីមួយចំនួនត្រូវបិទ។

ចំណាត់ការនេះបានកើតមានឡើង ចំពេលមានការកើនឡើងយ៉ាងខ្លាំងក្លានូវការបះបោរដែលមានរយៈពេល ១ទសវត្សរ៍មកហើយ នៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានធ្វើឲ្យមានការភ័យខ្លាចខ្លាំងឡើងៗពីការរាលដាលសង្គ្រាមក្នុងតំបន់ធំទៅៗ និងបានបង្ខំឲ្យមនុស្សរាប់សែននាក់ភៀសខ្លួន។

អមដោយការន្ថែមថា សមត្ថភាពសម្របសម្រួលនៅក្នុងការិយាល័យរបស់លោកត្រូវបញ្ឈប់ លោក Lemarquis បានបញ្ជាក់ថា៖ «ការពឹងផ្អែកខ្លាំងរបស់យើងលើការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក មានន័យថា កម្មវិធីជាច្រើនត្រូវបិទ ចំពោះអ្វីៗគ្រប់យ៉ាងដែលយើងកំពុងធ្វើ។ វាជាការផ្ដល់សេវាសុខភាពបន្ទាន់។ វាជាការផ្ដល់ជម្រកសង្គ្រោះបន្ទាន់»។
លោកបានប្រាប់អ្នកសារព័ត៌មានតាមរយៈវីដេអូពីរដ្ឋធានី Kinshasa របស់កុងហ្គោថា៖ «ចំណាត់ការនេះ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ថ្ងរ។ តែទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏យើងនៅទីនេះដើម្បីបន្តនៅទីនេះផ្តល់ជំនួយទៀត»។ លោកបាននិយាយថា ទីភ្នាក់ងាររបស់ UN និងក្រុមជំនួយអន្តរជាតិបានរងប៉ះពាល់ខ្លាំងណាស់៕