ប្រទេសអ៊ីរ៉ង់ បានជូនដំណឹងទៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា «សេចក្តីថ្លែងការណ៍ដែលមិនប្រុងប្រយ័ត្ន និងអុចអាល» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលគំរាមកំហែងប្រើប្រាស់កម្លាំង ហើយបានព្រមានថា «អំពើឈ្លានពានណាមួយ នឹងទទួលបានវិបាកធ្ងន់ធ្ងរត្រលប់ទៅវិញ»។
នៅក្នុងលិខិតមួយផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ឯកអគ្គរដ្ឋទូតរបស់អ៊ីរ៉ង់ ប្រចាំនៅ UN គឺលោក Amir Saeid Iravani បាននិយាយយោងទៅកាន់ការកត់សម្គាល់ដែលធ្វើឡើងដោយលោក Trump នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Post និង Fox News ដែលលោកបាននិយាយថា លោកចង់បានកិច្ចព្រមព្រៀងដោយការចរចា ជាជាងទម្លាក់គ្រាប់បែកលើប្រទេសនេះ ដើម្បីបញ្ឃប់ទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអែរ។
លោក Iravani បានសរសេរទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសថា៖ «សេចក្តីថ្លែងការណ៍ដែលមិនប្រុងប្រយ័ត្ន និងអុចអាចទាំងនេះ ពិតជាបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ លោកបានប្រាប់ថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សូមព្រមានថា សកម្មភាពឈ្លានពានណាមួយ នឹងទទួលបានផលវិបាកធ្ងន់ធ្ងរត្រឡប់ទៅវិញ ដែលសហរដ្ឋអាមេរិក នឹងទទួលខុសត្រូវទាំងស្រុង។ អ៊ីរ៉ង់នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួនប្រឆាំងនឹងសកម្មភាពអរិភាពណាមួយ»។
លោក Trump កាលពីសប្តាហ៍មុន បានធ្វើឲ្យមានឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងធ្វើឲ្យការនាំចេញប្រេងរបស់ប្រទេសនេះធ្លាក់ដល់កម្រិតសូន្យ ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ លោកក៏បាននិយាយផងដែរថា លោកបើកចំហ ដើម្បីមានកិច្ចព្រមព្រៀងមួយ និងបង្ហាញពីឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian៕