យានចម្លងថ្មីរបស់ចិនដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនផ្កាយរណបជាច្រើនបន្ថែមទៀតទៅក្នុងលំហអាកាស តាមរយៈការបាញ់បង្ហោះតែម្ដង ដែលជាការហោះហើរលើកដំបូង កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) ដោយជួយជំរុញដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការទប់ទល់នឹងវត្តមានដ៏ច្រើននៃផ្កាយរណបរបស់មហាសេដ្ឋីអាមេរិក លោក Elon Musk នៅក្នុងគន្លងតារាវិថីរយៈកម្ពស់ទាបរបស់ផែនដី តាមរយៈក្រុមហ៊ុន SpaceX។
យានចម្លង Long March 8A បានចាប់ផ្ដើមចេញដំណើរ សម្រាប់ការហោះហើរដំបូងរបស់វា នៅវេលាម៉ោង ៥:៣០នាទីល្ងាច (ម៉ោងក្នុងស្រុក) ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang នៅលើកោះ Hainan ភាគខាងត្បូងប្រទេសចិន ដោយដឹកផ្កាយរណបជាច្រើនទៅកាន់គន្លងផែនដីរយៈកម្ពស់ទាប។
គួរបញ្ជាក់ថា យានចម្លង Long March 8A គឺជាជំនាន់ចុងក្រោយនៃរ៉ូកែតម៉ូដែល Long March 8 ដែលចាប់ផ្តើមការហោះហើរនៅឆ្នាំ២០២០។ បើយោងតាមក្រុមហ៊ុន China Aerospace Science & Technology Group Corporation (CASC) បានឲ្យដឹងថា យាននេះមានសមត្ថភាពផ្ទុកទម្ងន់បាន ៧តោនដែលអាចឲ្យប្រទេសចិនបញ្ជូនផ្កាយរណបក្នុងចំនួនដ៏ច្រើនទៅកក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប និងមធ្យមរបស់ផែនដី សម្រាប់ការបាញ់បង្ហោះម្តង។
ប្រទេសចិន នៅឆ្នាំ២០២៥ នេះ គ្រោងបង្កើនចំនួនផ្កាយរណបដែលខ្លួនដាក់ក្នុងគន្លងតារាវិថីរយៈកម្ពស់ទាបរបស់ផែនដី ដោយមានការបាញ់បង្ហោះរាប់សិបដងគ្រោងនឹងធ្វើឡើងនៅពេលដែលទីក្រុងប៉េកាំងសម្លឹងដល់ការតាមឲ្យទាន់នឹងតួលេខនៃផ្កាយរណបរបស់ក្រុមហ៊ុន Starlink៕